ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​សុក្រ​ទី​២៨ ខែមិថុនា ២០១៩​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​រៀបចំ​សន្និសីទកាសែត​មួយ បង្ហាញ​អំពី​ករណី​កោះ​រ៉ុ​ង ជូន​ដល់​អ្នក​សារព័ត៌មាន និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី ។

សូម​ជម្រាប​ជូន​ថា ពាក់ព័ន្ធ​ករណី​កោះរុង កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន ចាប់​បញ្ជូន​ខ្លួន មនុស្ស​ចំនួន​៦​នាក់​ទៅ​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​ករណី រួមគំនិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​កោះរុង ក្រុង​កោះរុង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០១៩​នេះ ។

បន្ទាប់​ពី​សាកសួរ​រួចរាល់ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​ដដែល បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ឧកញ៉ា សុខ ប៊ុ​ន ជា​អគ្គនាយក ក្រុមហ៊ុន​អចលនទ្រព្យ សុខ ប៊ុ​ន គ្រុប ពី​បទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរុង ក្រុង​កោះរុង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោង​តាម​មាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។

ចំណែក លោក អ៊ួ​ង និ​ត ជា​ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរុង​, លោក សេង ហូ​លាង ជា​ចៅសង្កាត់​កោះរុង​, លោក ហែម សា​ឡេះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរុង​, លោក កែ សោម ជា​ចៅសង្កាត់​រង​ទី​២ និង​លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរុង ក្រុង​កោះរុង ខេត្ត​ព្រះ​សីហ​នុ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពី​បទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរុង ក្រុង​កោះរុង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោង​តាម​មាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ៕