ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ បានចូលក្លឹបកម្សាន្តរាំរែកផឹកស៊ីសប្បាយអស់ចិត្ត ទើបបើករថយន្តត្រឡប់មកផ្ទះវិញ ទាំងស្រវឹងស្រាដាប រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវនៅគល់ស្ពានអាកាសក្បាលថ្នល់វៀចអស់មួយកង់ និងរងការខូចខាតរថយន្តយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅជិតគល់ស្ពានអាកាសក្បាលថ្នល់ លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។


ប្រភពព័ត៌មានពីន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីវយ័ក្មេងរូបស្រស់ម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6486 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងស្រាជោកជាំ ខណៈមកដល់ចណុចកើតហេតុ ស្រាប់រេចង្កូតទៅខាងឆ្វេងដៃ ទៅបុករបាំងថ្មពុះចែកផ្លូវវៀចអស់១កង់ រីឯរថយន្តរងការខូចខាត បែកកង់មុខចំហៀងខាងឆ្វេង ផ្ទុះពោងសុវត្ថិភាពទាំង២ និងបែកកង់មុខខាងឆ្វេងទៅមុខលែងរួច។


នារីអ្នកបើកបររថយន្តបង្ក បានរៀបរាប់ទាំងជះក្លិនស្រាស្អុយហួងថា រូបនាងបានឈ្លោះគ្នាជាមួយអ្នកផ្ទះ ទើបចូលក្លឹប ១កន្លែង ជាមួយមិត្តភក្តិផ្សេងទៀត និងផឹកស្រាដើម្បីកាត់សាញ រហូតស្រវឹងធ្លាក់ភ្នែកបែបនេះ ។ លុះពេលនាងបើករថយន្តមកដល់ចំណុចកើតហេតុ គេចរ៉ឺម៉ក១គ្រឿង ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវតែម្ដង។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួននារីបើកបរ និងរថយន្តបង្ក យកទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕