ភ្នំពេញ ៖ ស្ត្រីចំណាស់គ្មានសាច់ញាតិម្នាក់ បានឈឺដេកដួលគ្មានអ្នកជួយមើលថែ ក្នុងរោងកម្មកសំណង់ររាប់ខែ រហូតសភាពជំងឺធ្ងន់ធ្ងរដេកបាត់មាត់បាត់ក ទើបក្រុមសន្តិសុខនឹកស្មានតែស្លាប់ ក៏ហៅម៉ូតូកង់បីដឹកយកទៅដាក់កន្លែងបូជាសពក្នុងវត្តសំបួរមាស។ លុះតាអាចារ្យរៀបចំបូជា ស្រាប់តែពិនិត្យឃើញថា ស្រ្តីខាងលើនៅមានដង្ហើម និងហាមាត់ម្ហបៗ បង្កឲ្យមានភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍តាអាចារ្យប្រុងបូជាសព បែរជាសពនៅមានដង្ហើម បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចកន្លែងបូជាសព (ប៉ាឆា) ក្នុងវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ស្ត្រីអភ័ព្វប៊ិះត្រូវតាអាចារ្យបូជាទាំងរស់នេះ មានឈ្មោះយាយយ៉ា អាយុ៦០ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងបុរី ស្នាក់នៅក្នុងរោងកម្មករ។


សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ គឺជាកម្មករសំណង់ តែគ្មានសាច់ញាតិកូនចៅអ្វីទាំងអស់ ហើយមួយរយៈចុងក្រោយនេះ ស្ត្រីរងគ្រោះបានកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃ ដេកដួលតែលើកន្ទេល ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែអាការជំងឺរបស់ស្ត្រីរងគ្រោះដុនដាបខ្លាំង រហូតដល់បាត់មាត់បាត់កទៅហើយ ទើបសន្តិសុខដែលយាមនៅទីនោះ ចុះមកពិនិត្យមើល និងគិតថាស្រ្តីរងគ្រោះស្លាប់ ក៏នាំគ្នាទិញធូបទៀនដាក់ឱបជាប់ទ្រូងស្ត្រីខាងលើ រួចហៅម៉ូតូកង់បី១គ្រឿង ឱ្យមកដឹកស្ត្រីខាងលើយកមកទុកចោលនៅកន្លែងបូជាសពក្នុងវត្តសំបួរមាស ។


ប្រភពបន្តថា នៅពេលនោះ តាអាចារ្យភ្លុក ដែលប្រចាំការនៅទីនោះ ក៏បានសួររកលិខិតស្នាមមរណភាព បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន តែអត់ឃើញមាន ហើយក៏បានពិនិត្យសពស្រ្តីរងគ្រោះ ឃើញថា នៅមានដង្ហើមនៅឡើយ និងថែមទាំងហាមាត់ម្ហបៗទៀត ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនលោកអធិការខណ្ឌសុំជួយអន្តរាគមន៍តែម្តង។
ក្រោយកើតហេតុ រថយន្តសង្គ្រោះរបស់គ្លីនិកបានទៅជួយសង្គ្រោះបឋម ដាក់ស៊ីរ៉ូម ហើយបានបញ្ជូនស្ត្រីខាងលើយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ ប៉ុន្តែជោគវាសនារបស់ស្ត្រីរងគ្រោះទៅជាបែបណានោះ គេនៅមិនទាន់ដឹងឡើយ ។ តែយ៉ាងណា ស្រ្តីរងគ្រោះដូចបានរួចផុតពីគ្រោះមួយជំហានដែរ ដែលតាអាចារ្យភ្លុកពិនិត្យទាន់ ពុំនោះទេ ច្បាស់ជាគេយកចូលប៉ាឆាបូជាទាំងរស់ជាមិនខាន៕