ខេត្តព្រះសីហនុ ៖ បុរសជាសន្តិសុខយាមម្នាក់ នៅធនាគារក្រុមហ៊ុនសហពាណិជ្ជ ក.អ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើកៅអី យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមទី៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ ។
ជនរងគ្រោះដែលដេកស្លាប់នេះ មានឈ្មោះសៀក ទួន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរភា្នក់ងារក្រុមហ៊ុនសន្តិសុខឯកជន MPA មានស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំបឹងធំ ស្រុកកំពង់ត្រាច ខេត្តកំពត ។ បច្ចុប្បន្នស្នាក់នៅជាមួយកូនក្នុងក្រុមទី៦ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ-ខេត្តព្រះសីហនុ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះយាមនៅធនាគារខាងលើ ជាយូរមកហើយ មិនដែលមានបញ្ហាអ្វីទេ។ នៅថ្ងៃកើតហេតុ ស្រាប់តែឃើញជនរងគ្រោះដេកលើកៅអីនៅចំណុចគោលដៅខាងលើ គ្មានកម្រើកសោះ លុះមានអ្នកទៅក្បែរ ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺខ្យល់គរ មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ សាកសពជនរងគ្រោះសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារមកទទួលដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕