ខេត្តព្រះសីហនុ ៖ ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ កំពុងសាងសង់នៅព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បង្កសោកនាដកម្ម បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិន៤នាក់ រួមមានម្ចាស់អគារ ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកពាក់ព័ន្ធ២នាក់ទៀត ។


យោងតាងដីកាបង្គាប់ឲ្យឃុំខ្លួន៤សន្លឹកផ្សេងគ្នា របស់សាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា ម្ចាស់សំណង់អគារកម្ពស់៧ជាន់ដែលបាក់រលំនោះមានឈ្មោះ Cheng Kun ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន មានស្រុកកំណើតនៅខេត្តហ៊ូពែ ទីលំនៅបច្ចុប្បន្ននៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរជាពាណិជ្ជករ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។


ចំណែក ឈ្មោះ Deng Xin Gul ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរថៅកែម៉ៅការសសំណង់ និងឈ្មោះ Gao Yu ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរជាងសំណង់ និងឈ្មោះ Xie Ya Ping ភេទស្រី អាយុ៤៣ឆ្នាំ ជាជនជាតិចិន ទីលំនៅបច្ចុប្បន្ននៅផ្ទះជួលក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរមើលការងារក្នុងការដ្ឋាន ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួសស្នាមដល់អ្នកដទៃ» ផ្តន្ទាទោសតាមបញ្ញត្តិមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។


អាជ្ញាធរខេត្តបញ្ជាក់ថា ការដ្ឋានសំណង់នេះ មានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស អាយុ៦៥ឆ្នាំស ជនជាតិខ្មែរ ៕