ភ្នំពេញ៖ បន្ទាប់ពីផ្អាកការហោះហើរត្រង់អស់រយៈពេលជិត៥០ឆ្នំាកន្លងទៅ កម្ពុជានិងឥណ្ឌូណេស៊ីបានសម្រេចបើកឱ្យមានការហោះហើរត្រង់ឡើងវិញកាលពីថ្ងៃទី២១មិថុនា២០១៩នេះ។

ថ្លែងក្នុងពិធីបើកសម្ពោធជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញនិងទីក្រុងហ្សាកាតា លោក ហោ មុនីរត័្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ព្រឹត្តិការណ៍នេះមានសារសំខាន់កើតឡើងចំពេលនៃការប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងឥណ្ឌូណេស៊ី។

លោកគូសបញ្ជាក់ថា «ថ្ងៃនេះបន្ទាប់ពីការផ្អាកហោះហើរត្រង់រវាងប្រទេសទំាងពីរអស់រយៈពេលជិត៥០ឆ្នំាកន្លងមក ការសម្ពោធសេវាហោះហើយត្រង់ថ្មីនេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថានទូត និងស្ថាប័នពាក់ព័ន្ធនានារបស់ប្រទេសទំាងពីរ ដើម្បីឆ្លើយតបតាមតម្រូវការនិងការកើនឡើងនៃអ្នកធ្វើដំណើរ»។

ទន្ទឹមនឹងប្រទេសទំាងពីរបើកឱ្យមានការហោះហើរត្រង់ គេសង្កេតឃើញថាកម្ពុជាទទួលបានចំនួនភ្ញៀវទេសចរណ៍ឥណ្ឌូណេស៊ីក៏មានការកើនឡើងផងដែរ។

លោក ហោ មុនីរត័្ន លើកឡើងថា កាលពីឆ្នំាមុន កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ឥណ្ឌូណេស៊ីចំនួន៥៥.៧៥៣នាក់ កើនឡើង១១.៨% និងរយៈពេល៤ខែដើមឆ្នំា២០១៩ កម្ពុជាទទួលបានទេសចរណ៍ឥណ្ឌូណេស៊ីចំនួន២១.២៤៣នាក់កើនឡើង១៦,៣%។

ការមិនតម្រូវឱ្យមានទិដ្ឋាការរវាងប្រទេសកម្ពុជានិងឥណ្ឌូណេស៊ីរួមជាមួយការតភ្ជាប់ជើងហោះហើរ ត្រង់ថ្មីទំាងនេះរួមផ្សំនិងការកែសម្រួលព្រលានយន្តអន្តរជាតិភ្នំពេញ កម្ពុជានឹងប្រែជាច្រកចេញចូលដ៏មានប្រសិទ្ធភាពសម្រាប់វិនិយោគិន ហើយនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ក្នុងតំបន់ ជាពិសេសភ្ញៀវពីប្រទេសឥណ្ឌូណេស៊ី។លើសពីនេះអ្នកធ្វើដំណើរពីកម្ពុជានឹងទទួលបានភាពងាយស្រួល ព្រមទំាងចំណេញពេលវេលាក្នុងការធ្វើដំណើរឆ្ពោះទៅទីក្រុងហ្សាកាតា កោះបាលី និងប្រាសាទបូរ៉ូបូឌូ។

លោកសង្កត់ធ្ងន់ថា«ខ្ញុំមានទំនុកចិត្តថា ការហោះហើរត្រង់រវាងប្រទេសទំាងពីរពិតជាមានសារសំខាន់ណាស់ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់យើង ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងផ្លាស់ប្តូរវប្បធម៌ គ្នាទៅវិញទៅមកដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធនិងការយល់គ្នាកាន់តែល្អ»។