ភ្នំពេញ ៖ យុវជនសង្ស័យ២នាក់ ម្នាក់ជាសិស្សវិទ្យាល័យច្បារអំពៅ និងម្នាក់ទៀតជាសិស្សវិទ្យាល័យទួលទំពូង បានជិះម៉ូតូ១គ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ពេលជិះរត់គេចខ្លួន ក៏ភ្លាត់ស្នៀត ជ្រុលបុករថយន្ត១គ្រឿង បណ្តាលដួលម៉ូតូ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវច្រកចូលស្ពានឥន្ធនូកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។


ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ទី១-ឈ្មោះតេន ប៊ុនថូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ នៅសាលាវិទ្យាល័យទួលទំពូង រស់នៅភូមិឃុំជាមួយគ្នា និងទី២-ឈ្មោះសាន្ត ស៊ិនសិលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ សាលាវិទ្យាល័យច្បារអំពៅ រស់នៅភូមិបឹងព្រលិត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យទាំង២នាក់ ជិះម៉ាក ហុងដាសង់ប៊ិក ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-5983 ធ្វើសកម្មភាព។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានជនជាតិចិនម្នាក់កំពុងឈរនិយាយទូរស័ព្ទ ស្រាប់តែពេលនោះ លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូឌុបគ្នាមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក OPPO របស់ជនរងគ្រោះតែមិនបានសម្រេច បណ្តាលឲ្យជ្រុះពីដៃ ហើយជនរងគ្រោះស្រែកឆោឡោឡើង ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនភ្លាម តែពេលនោះ សមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ តាំងពីចំណុចកើតហេតុខាងលើ រហូតដល់មាត់ទន្លេក្រុងតាខ្មៅ ធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ ជិះម៉ូតូទៅបុករថយន្ត១គ្រឿងមិនចាំម៉ាក បណ្តាលឲ្យដួល ត្រូវបានសមត្ថកិច្ចចាប់បាន។
ក្រោយចាប់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទាំង២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋាបាលទន្លេបាសាក់ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕