ភ្នំពេញ ៖ យុវជន២នាក់ ខណៈកំពុងឈរនិយាយទូរស័ព្ទ ត្រូវជនមិនស្គាល់មុខគប់មួយដុំឥដ្ឋបណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវកែងផ្លូវជាតិលេខ៤ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។


ជនរងគ្រោះឈ្មោះ ផៃ សុផា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់រថយន្ត តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ រីឯមិត្តភក្តិម្នាក់របស់ជនរងគ្រោះ មិនស្គាល់ឈ្មោះឡើយ ។ ចំណែកក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល ។


ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ និងមិត្តភក្ដិម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Q-8808. ឌុបគ្នាដើរលេង ។ លុះមកដល់ចំណុចកើតហេតុ គាត់ឲ្យមិត្តភក្តិបន្ថយល្បឿនម៉ូតូដើម្បីឈប់និយាយទូរស័ព្ទ ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស៊េរី និងស្លាកលេខ មកដល់ហើយម្នាក់ដែលជិះកណ្តាលបានយកដុំឥដ្ឋ១ដុំ គប់ចំក្បាលគាត់បែកឈាមហូរស្រោចជោកខ្លួនតែម្តង ។ ភ្លាមនោះ គាត់បានស្រែកឱ្យប្រជាពលរដ្ឋជួយដេញតាមដែរ តែក្រុមជនបង្កខាងលើ បានបន្ថែមល្បឿនម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ។


ជនរងគ្រោះបានឲ្យដឹងថា ខណៈពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅម្នាក់ បានមកដល់កន្លែងកើតហេតុ បានឲ្យជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចស៊ើបអង្កេតរកមុខសញ្ញាក្រុមជនបង្កខាងលើ យកមកចាត់ការតាមនីតិវិធី ៕