ខេត្តឧត្តរមានជ័យ ៖ ខណៈនេះកម្លាំងជំនាញអគ្គស្នងការនគរបាលជាតិ បានចុះទៅសហការជាមួយស្នងការនគរបាលខេត្ត ដើម្បីធ្វើការស្រាវជ្រាវចករណីបង្កៃគ្រាប់បេ ប្រភេទ បេ៤០(B40) ដែលជនមិនស្គាល់អត្តសញ្ញាណបានកប់ដើម្បីត្រៀមបំផ្ទុះនៅក្រោយអនុវិទ្យាល័យ ហ៊ុនសែន រួចចំប៉ី ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនោះហើយ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។


នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា មានករណីករណីបង្កៃគ្រាប់បេ ប្រភេទ B40 (ផលិតនៅសូវៀត) ចំនួនបួនគ្រាប់ ដែលបានត្រូវបានកប់នៅ ក្រោយអនុវិទ្យាល័យ ហ៊ុនសែន រួចចំប៉ី ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែមិថុនា ។ គ្រាប់បេ ទាំង ៤គ្រាប់នោះ ត្រូវបានកប់ នៅចំណុចទីតាំងបី ក្បែរៗគ្នា (២គ្រាប់ កប់ជាមួយគ្នា និង ១ គ្រាប់នៅ ទីតាំង មួយ និង ១ គ្រាប់នៅតាំងផ្សេងមួយទៀត)។ របៀបនៃការកប់ គឺដូចគ្នា ដោយ ជីកកប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ យករំសេវចាក់ជុំវិញ និង ដោតធូកមួយសសៃ។

សមត្ថកិច្ចបានប្រមូលគ្រាប់ទាំងនោះ មករក្សាទុកនៅស្នងការដ្ឋានឧត្តរមានជ័យ ដើម្បីមន្ត្រីបច្ចេកទេសធ្វើកោសលវិច្ច័យ ហើយកម្លាំងជំនាញអគ្គស្នងការដ្នាននគរបាលជាតិ ត្រូវបានបញ្ជូនទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីស៊ើបអង្កេតករណីនេះ។
ថ្លែងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចពង្រឹងកិច្ចការពារតាមមូលដ្ឋាន ដោយបានលើកពីករណីបង្កៃគ្រាប់បែកបេ៤០ នៅខេត្តឧត្តរមានជ័យ ថាជាចេតនាបង្កចលាចល ដើម្បីបង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

មន្រ្តីអធិការដ្ឋាននគរក្រុងសំរោង បានឱ្យដឹងថា បន្ទាប់ទទូលបានព័ត៌មានថា មានករណីបង្កៃគ្រាប់បេ៤០ កម្លាំងប៉ុស្តិ៍អូស្មាច់ បានចុះទៅដល់កើតហេតុពិនិត្យឃើញមានគ្រាប់ពិតប្រាកដមែន ដែលជាគ្រាប់ប្រភេទបេ៤០ ថ្មី ផលិតនៅប្រទេសសូវៀត សរុបចំនួនបួនគ្រាប់ បានដាក់បង្កៃបីទីតាំងខុសគ្នា ។ ដោយពីកន្លែងមួយទៅកន្លែងមួយទៀតមានចំងាយ ១០ម៉ែត្រ គឺចំណុចទី១. ជីកកប់ចំនួនពីរគ្រាប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ ហើយមានយករំសេវមកចាក់ជុំវិញ និងមានដោតធូប មួយសរសៃ ។ ចំណុចទី២. ជីកកប់ចំនួន មួយគ្រាប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ ហើយមានយករំសេវមកចាក់ជុំវិញ និងមានដោតធូប មួយសរសៃ និងចំណុចទី៣ ជីកកប់ចំនួនមួយគ្រាប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ ហើយមានយករំសេវមកចាក់ជុំវិញ និងមានដោតធូបមួយសរសៃ៕