ភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកលី សុខលេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក ផែង វណ្ណៈ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោស តែ២ខែ ១៥ថ្ងៃ និងពិន័យជាប្រាក់ ចំនួន៤លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។


យោងតាមការប្រកាសសាលក្រមជនជាប់ចោទ ផែង វណ្ណៈ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។
គួររំលឹកថា លោកផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោកអ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោកគី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្ដឹងឈ្មោះផែង វណ្ណៈ ដោយអះអាងថា ឈ្មោះផែង វណ្ណៈ ពិតមានចេតនាទុច្ចរិត ប្រើប្រាស់មធ្យោបាយ ទូរគមនាគមន៍ សោតទស្សន៍របស់ខ្លួន ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈ លើសម្ដេចតេជោ ហ៊ុន សែន ដែលជាអំពើផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។


លុះមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោកផែង វណ្ណៈ បានសរសេរសុំទោសសម្តេចតេជោ បានរៀបរាប់ថា «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃនៃប្រជាជនកម្ពុជា។

ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។


លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថា នឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត