ក្នុងឱកាសអបអរសាទរការឈ្នះមេដាយមាស Monde Selection របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រាជនីក្រមា កញ៉ា មាន សូនីតា បានឲ្យដឹងថា«បន្ទាប់ពីដើរមើលរោងចក្រនេះហើយ ខ្ញុំចាប់អារម្មណ៍ទៅលើគ្រឿងចក្រ និងបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈនៅទីនេះ ព្រោះក្នុងរោងចក្រប្រើសុទ្ធបច្ចេកវិទ្យាទំនើបៗទាំងអស់ និងពិសេសជាងនេះទៅទៀត គឺការរៀបចំក្នុងរោង ចក្រដែលមានកន្លែងទទួលភ្ញៀវដ៏ស្រស់ស្អាត កន្លែងភ្លក់ស្រាបៀរនិងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ បន្ទាប់ពីឃើញហើយ ភ្លែកភ្នែកមែនទែនរហូតដល់ខ្ញុំគិតថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងរោងចក្រនៅបរទេស។»  

គុណភាពល្អឥតខ្ចោះរបស់ផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរិជីស បានធ្វើឲ្យក្រុមហ៊ុនខ្មែរ មួយនេះគ្រងមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិចំនួន៦បន្ថែមទៀត ពី Monde Selection សម្រាប់ការវាយតម្លៃលើគុណភាពផលិតផលស្រាបៀរ និងភេសជ្ជៈក្នុងឆ្នាំ២០១៩នេះ។

លោក អេឡិច សូរ៉ា សិល្បៈករ បានឲ្យដឹងថា នេះគឺជាមោទនភាពមួយរបស់ខ្មែរយើង ដែលមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុក ដែលបង្កើត​និងគ្រប់គ្រងដោយកូនខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ អាចផលិតបានផលិតផលដែលគុណភាពទទួលស្គាល់ជាអន្តរជាតិទៀតផង។ 

ថ្លែងក្នុងកម្មវិធីសន្និសីទព័ត៌មាន លោកឧញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា«ជាសហគ្រិនក្នុងស្រុក ខ្ញុំជឿជាក់ថាខ្មែរយើងអាចធ្វើបាន។ ដូចយើងបានបង្កើតរោងចក្រខ្មែរដ៏ធំមួយនេះ ហើយមិនត្រឹមតែប៉ុណ្ណោះយើងអាចធ្វើល្អជាងគេរហូតដល់សូម្បីតែអន្តរជាតិក៏គេមកសិក្សាពីយើងដែរ។ យុទ្ធសាស្រ្តរបស់យើង គឺធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរិជីស អាចឈរជើងក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈបានជារៀងរហូត។» 

គួរបញ្ជាក់ផងដែរ ផលិតផលទាំង៦ដែលទទួលបានមេដោយមាសពីMonde Selection រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូបរសជាតិគូលែន។

បើគិតមកត្រឹមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទទួលបានមេដាយសរុបចំនួន១៨ សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ មេដាយអន្តរជាតិ និង ISO ចំនួនពីរសម្រាប់ការគ្រប់គ្រងគុណភាព និងសម្រាប់ការគ្រប់គ្រងបរិស្ថានពីស្ថាប័នមកពីចក្រភពអង់គ្លេស។