ភ្នំពេញ៖ បុរសជាជនជាតិចិនចំនួន២នាក់ស្រវឹងជោកជាំបើកបររថយន្តរ៉េនរ៉ូវើរមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ព្យាយាមបើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹងបណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាក់យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយទឹកស្អុយក្បែរសាលាមុំ តាមបណ្ដោយផ្លូវ១៩៦២ ស្ថិតក្នុងភូមិគ្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនរងគ្រោះរហូតស្លាប់ទាំង២នាក់ ទី១ជនរងគ្រោះដែលជាអ្នកបើកម៉ូតូមានឈ្មោះ ស្រេង ជាវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការម្តុំផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ និងជនរងគ្រោះទី២ ដែលជាអ្នកអង្គុយពីក្រោយមានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ចំណែកជនបង្កជាជនជាតិចិន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HI-078 ដែលទើបជិះមកពីកន្លែងធ្វើការនៅផ្តុំផ្សារត្រពាំងថ្លឹង បំរុងជិះទៅលេងផ្ទះ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៦២ ក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក រ៉េនរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-0777 បើកបរដោយបុរសជាជនជាតិចិនចំនួន២នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំបើកបញ្រ្ចាសទិសដៅគ្នា និងក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ខណៈពេលដែល រថយន្តបង្កបានព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ក៏ជ្រុលចូលផ្លូវម្ខាងទៀតទៅបុកម៉ូតូខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះទាំងពីរនាក់ហោះចេញពីម៉ូតូខ្ទាត ទៅចិញ្ចើមផ្លូវបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ចំណែកឯម៉ូតូបានខ្ទាតផ្លោងចេញពីលើផ្លូវប្រមាណ១០ម៉ែត្រ ទៅទើលើគ្រែតាមចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តបង្ករងការខូចខាតដាច់កាឡេនិងក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗក្រោយក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនបុរសជាជនជាតិចិនទាំងពីរនាក់ខាងលើនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកវាស់វែង យកម៉ូតូនិងរថយន្តបង្ករួមជាមួយអ្នកបើកបររថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនិងចាត់ការទៅតាមនីតិវិធី។ ដោយសពបុរសរងគ្រោះទាំងពីរនាក់ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕