ភ្នំពេញ៖ តុលាការបានបញ្ចប់សវនាការកាត់ទោសលោក ផែង វណ្ណៈ ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាវេលាថ្ងៃទីត្រង់ទី១៤ ខែមិថុនា នេះហើយ តែសាលក្រមនឹងត្រូវលោកចៅក្រម លី សុខលេង ប្រកាសនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ ។

ក្នុងពេលសវនាការនោះ លោក ផែង វណ្ណៈ បានសារភាពទោសកំហុសរបស់ខ្លួន ដោយស្នើសុំតុលាការដោះលែង ព្រោះបញ្ហាសុខភាព ក ។

 មុនពេលបើកសវនាការនេះ ៣ថ្ងៃ លោកផែង វណ្ណៈ បានសរសេរលិខិតសុំទោសសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថា “ខ្ញុំមានការសោកស្តាយជាពន់ពេក នូវកំហុសឆ្គងកន្លងមក និង សុំការខន្តីអភ័យទោសពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក”។ ជានិពន្ធនាយកសារព័ត៌មានខ្លួនឯងផងនោះ លោក ផែង វណ្ណៈ បន្តថា “សូមសម្តេចតេជោ មេត្តាយោគយល់ សណ្តោសប្រណីនូវកំហុសឆ្គង ដើម្បីអោយខ្ញុំបានជួបជុំក្រុមគ្រួសារ ព្រមទាំងបានឆាប់ទៅបន្តព្យាបាលជំងឺប្រចាំកាយ”។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ថ្លែងតាមបណ្ដាញសង្គម Telegram ថា”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះផែងវណ្ណៈ រួចមកតំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទបរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌តាមមាត្រា៤៩៤មាត្រា៤៩៥និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។

បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល។ បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល៕