ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ បានបើកសវនាការលើសំណុំរឿងលោក ផែង វណ្ណៈ អ្នកលេង Facebook ល្បីឈ្មោះ ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយលទ្ធផលសវនាការលើសំណុំរឿងនេះ ប្រិយមិត្តអាចនឹងដឹងនៅពេលបន្តិចទៀតនេះ។

ការបើកសវនាការនេះ ក្រោយលោក ផែង វណ្ណៈ បានសរសេរលិខិតមួយចុះថ្ងៃទ១១ ខែមិថុនា ឆ្នាំ២០១៩ សុំការខន្តីអភ័យទោសពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកបានរៀបរាប់ថា៖ «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។

នៅក្នុងលិខិតរបស់លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថានឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត»។

លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីការបស់ព្រះរាជអាជ្ញាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។ ក្រោយមកលោកត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។

ការចាប់ឃាត់ខ្លួនលោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក គី តិច បានដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩៕