កោះកុង ៖ នៅក្នុងជំហានដ៏មានសារសំខាន់មួយទៀតឆ្ពោះទៅរកកម្ពុជាកាន់តែស្រស់បំព្រង បៃតង និងសុខភាពល្អ ក្រុមការងារសង្គរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានបន្តសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដើម្បីដាំកូនឈើ ៥៧០ ដើមនៅតាមសាលារៀននានានៅក្នុងខេត្តកោះកុង។

រួមបញ្ចូលជាមួយនឹងកូនឈើដែលត្រូវបានដាំក្នុងរាជធានីភ្នំពេញ និងខេត្តកំពតនៅក្នុងគម្រោងលើកមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានគោរពពាក្យសន្យារបស់ខ្លួនដោយឧបត្ថម្ភកូនឈើបង្គ្រប់ ១.០០០ ដើមដែលជាផ្នែកមួយកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពីបរិស្ថាន និងការដាំកូនឈើ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានមានប្រសាសន៍ថា “ការការពារបរិស្ថាន មានសារសំខាន់ណាស់ ខណៈដើមឈើផ្តល់ខ្យល់បរិសុទ្ធសម្រាប់ជាប្រយោជន៍ដល់សុខភាពរបស់ប្រជាជននៅក្នុងសហគមន៍។ ដើមឈើ គឺជាធនធានដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់យើង។ ដើមឈើ ជួយកាត់បន្ថយខ្យល់កខ្វក់ និងកាត់បន្ថយការប្រែប្រួលនៃអាកាសធាតុ។ តាមការសិក្សាបែបវិទ្យាសាស្ត្រ បានគណនាថា ដើមឈើធំមួយហិកតា អាចស្រូបយកឧស្ម័នកាបូនិចក្នុងមួយឆ្នាំដែលគ្រប់គ្រាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកាបូនសម្រាប់មនុស្ស ១០ នាក់។

គាត់បានបន្ថែមថា “ដើមឈើ ក៏ដើរតួជាម៉ាស៊ីនត្រជាក់ធម្មជាតិដោយវាផ្តល់ម្លប់ និងកាត់បន្ថយសីតុណ្ហភាពនៅកន្លែងដែលនៅជុំវិញផងដែរ។ ដូច្នេះ ការដាំកូនឈើនៅតាមសាលារៀនក្នុងខេត្តកោះកុង នឹងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់សិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍ និងធ្វើឲ្យ បរិយាកាសសិក្សាកាន់តែប្រសើរឡើង។ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដាំកូនឈើជាង ៣.៣០០ ដើមក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤ ហើយយើងក៏បានរៀបចំសិក្ខាសាលាស្តីពីការថែរក្សាបរិស្ថានដែលផ្តល់ដោយក្រសួងបរិស្ថានថែមទៀតផង។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នាអាចចូលរួមជាមួយយើង និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងសម្រាប់ខ្លួនយើង និងក្មេងៗជំនាន់ក្រោយ”។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា “កូនឈើទាំង ១.០០០ ដើមដែលបានដាំនេះ គឺជាស្នាដៃដែលគួរឲ្យក ត់សម្គាល់ មួយដែលជួយបង្កើនគុណភាពនៃជីវិតសម្រាប់សិស្សានុសិស្ស និងសហគមន៍។ ក្រៅពីផ្តល់ឲ្យយើងនូវខ្យល់អុកស៊ីសែនបរិសុទ្ធ ដើមឈើក៏ផ្តល់ម្លប់ដ៏ត្រជាក់ដល់យើង ហើយវាក៏ជាជម្រករបស់សត្វព្រៃផងដែរ។ ដើមឈើ មានសារសំខាន់ច្រើនណាស់”។

អភិបាលរងខេត្តកោះកុង ឯកឧត្តម អន ភារៈ បានធ្វើការកត់សម្គាល់ថា “ឫសឈើ ស្រូបយកទឹកភ្លៀង និងទប់ស្កាត់ការហូរច្រោះនៃដីដែ លជួយកាត់បន្ថយទឹ កជំ នន់ដែលបណ្តាលឲ្យសាលារៀនបិទទ្វារ។ ដូច្នេះ ដើមឈើ គឺជាធាតុសំខាន់ដែលជួយពួកយើងឲ្យដំណើរការសាលារៀនថ្វីត្បិតនៅក្នុងរដូវខ្យល់មូសុងក៏ដោយ។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បាននិយាយថា “”បរិស្ថានកាន់តែបៃតង នឹងផ្តល់ភាពរីករាយ និងសេចក្តីសុខដល់សិស្សានុសិស្សដែលជាអនាគតរបស់ប្រទេសជាតិ ដូច្នេះយើងគាំទ្រកម្មវិធីនេះពេញទំហឹង”។

លោក ផូ ប៊ុនធឿន នាយកវិទ្យាល័យកោះកុង បានបញ្ជាក់ពីការគាំទ្រ និងស្វាគមន៍ការដាំកូនឈើថ្មីបន្ថែមនេះនៅតាមសាលារៀន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងក្រសួងពាក់ព័ន្ធដែលបានសហការបង្កើតកម្មវិធីបរិស្ថាននេះឡើង”។