ខេត្តកណ្ដាល៖ នៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ដនីស្សាន់ធុនធំប្រភេទសណ្ដោងរ៉ឺម៉កពេញមួយទំហឹង យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្ដហ៊ីយ៉ាន់ ដាយទទួលរងរបួសធ្ងន់ ដែលហេតុការណ៍នេះ បានកើតឡើង នៅកំណាត់ផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ។

មន្រ្ដីនគរបាលចរាចរស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ វ៉ន ជីវ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាស្រែ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀចខេត្តព្រៃវែង ជាអ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7973 ។ចំណែករថយន្ដភាគីម្ខាងទៀតម៉ាកនីស្សាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PSHN-0568 ធុនធំប្រភេទសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម ៤A-0301 អ្នកបើកបរជនមិនស្គាល់អត្ដសញ្ញាណ(រត់គេចបាត់ស្រមោល) ។

ប្រភពបន្ដថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាកនីស្សាន់ធុនធំខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ខណៈនោះក៏មានរថយន្ដមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយបើកបរស្របទិសគ្នាដោយល្បឿនលឿន ក៏ឈប់មិនទាន់បានបុករថយន្ដនីស្សាន់ ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដនីស្សាន់បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរស្រុក បានចុះមកអន្ដរាគមន៍កន្លែងកើតហេតុរួចហៅរថយន្ដសាមុយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯរថយន្ដទាំង២គ្រឿងត្រូវបានកម្លាំងនគរបាលចរាចរចុះពិនិត្យ និងធ្វើការវាស់វែង ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕