ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានសម្រេចចុងក្រោយ តាមគោលការណែនាំពីអគ្គស្នងការនគរបាលជាតិ មិនបញ្ជូនឃាតករដែលរំលោភសម្លាប់ក្មេងរងគ្រោះទាំង២នាក់បងប្អូន មកធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ដោយសារតែប្រជាពលរដ្ឋជិត១ពាន់នាក់ កាន់ដំបង កាំបិត ដុំថ្មី កំពុងរង់ចាំនៅទីនោះ អាចនឹងផ្ទះភ្លើងកំហឹងព្រួតវាយសម្លាប់ជនសង្ស័យ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះ សមត្ថកិច្ចរបស់យើង សម្រេចដោយមិនបញ្ជូនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ដោយសារតែនៅទីនោះ មានប្រជាជនពី៥០០ ទៅ៦០០នាក់ នឹងបន្ដមកថែមទៀតរង់ចាំ ដូច្នេះពួកគាត់អាចផ្ទុះកំហឹងខ្លាំង ឈានដល់ការវាយសម្លាប់ជនសង្ស័យ និងអាចប៉ះពារជាមួយកងកម្លាំងសមត្ថកិច្ចយើងទៀតផង»។ ប្រជាពលរដ្ឋដែលកំពុងរង់ចាំមើលមុខជនដៃដល់ទាំងអស់ នៅក្នុងដៃខ្លះក៏មានកាន់ដំបង កាំបិត ហើយខ្លះក៏មានកាន់ដុំថ្មផងដែរ អាចនឹងផ្ទុះកំហឹងវាយសម្លាប់ជនដៃដល់ ដើម្បីបញ្ចេញកំហឹងជូនក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះទាំងពីរនាក់បងប្អូន ដែលបានស្លាប់។

សូមបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឃាតកម្មរំលោភសម្លាប់លើក្មេងស្រីប្រុស២នាក់បងប្អូន យ៉ាងសាហាវព្រៃផ្សៃ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ រន្ធត់ចិត្តអាណិតក្មេងរងគ្រោះជាពន់ពេក និងផ្ទុះកំហឹងថ្កោលទោសឃាតករជាខ្លាំង។

ក្មេងរងគ្រោះទាំង២នាក់បងប្អូន មានឈ្មោះផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។ ចំណែក ជនសង្ស័យជាឃាតករ ឈ្មោះមាង វិចិត្រ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង និងប្រពន្ធឈ្មោះ សំ សូរិយា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិអូរព្រាល ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ក្រោយពីធ្វើសកម្មភាពរំលោភសម្លាប់ក្មេងរងគ្រោះ បានរត់គេច មកសំងំខ្លួននៅផ្ទះស្រី្តជាម្តាយ នៅក្នុងគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយកម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ កាលពីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ៕