ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Springnews រាយការណ៍ថា កម្រិតទឹកសមុទ្របានកើនឡើងជារៀងរាល់ថ្ងៃធ្វើឱ្យទីក្រុងបាងកក ដែលមានទីតាំងនៅជាប់ទន្លេចៅព្រះយ៉ា និងជាប់ឆ្នេរសមុទ្រក្លាយជាតំបន់ប្រឈមនឹងទឹកជំនន់ ។ ហេតុនេះ រដ្ឋាភិបាលថៃអាចពិចារណាផ្លាស់ប្តូរទីតាំងក្រុងបាងកកទៅកាន់តំបន់ផ្សេងទៀតនាពេលឆាប់ៗ ។ នេះបើតាមការលើកឡើងរបស់លោក Pawich Kesawawong អគ្គនាយករងនៃអគ្គនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានប្រទេសថៃ ។
រយៈពេលជាច្រើនឆ្នាំមកនេះ មហាជនសួរថា ហេតុអ្វីការរីកចម្រើន, ការងារ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឱកាសផ្សេងៗប្រមូលផ្តុំនៅទីក្រុងបាងកកតែមួយ? ហេតុអ្វីនៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗមិនទទួលបានឱកាសល្អៗដូចក្រុងបាងកក? តើក្រុងបាងកកជាមជ្ឈមណ្ឌលកណ្តាលអភិវឌ្ឍន៍ខ្លាំងពេក មែនទេ?
ទោះយ៉ាងណា ទីក្រុងមួយនេះមិនមានអ្វីសម្បូរបែបគ្រប់យ៉ាងនោះទេ ខណៈតំបន់ជាច្រើនក្នុងក្រុងនេះជាតំបន់ទំនាប ទើបពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ក្រុងបាងកក ក៏ក្លាយជាទីក្រុងសមុទ្រមួយរំពេច ។ ហេតុនេះ ក្រុងបាងកក គឺជាទីក្រុងមួយរបស់ប្រទេសថៃដែលគេសន្និដ្ឋានថា នឹងលិចទឹកនាពេលឆាប់ៗ ។.jpg)
លើសពីនេះ ពិភពលោក ក៏បានឡើងកំដៅជារៀងរាល់ថ្ងៃផងដែរ ដោយសារការបម្រែបម្រួលអាកាសធាតុ ហើយសីតុណ្ហភាពកើនឡើងបានធ្វើឱ្យផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័ស ។ ដូច្នេះ វាធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ រហូតបណ្តាលឱ្យជន់លិចបាងកក ដែលជាទីក្រុងឆ្នេរសមុទ្រ ។
លោក Pawich Kesawawong អគ្គនាយករងនៃអគ្គនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ បានថ្លែងជាមួយសារព័ត៌មាន AFP អំពីករណីការផ្លាស់ប្តូរទីតាំងក្រុងបាងកក ដើម្បីគេចពីទឹកជំនន់ថា ៖ «ក្រុងបាងកកពុំអាចសម្របតាមអាកាសធាតុកាន់តែក្តៅខ្លាំងនាពេលបច្ចុប្បន្នទេ ខ្ញុំគិតថា សីតុណ្ហភាពពិភពលោក ជាមធ្យម គឺលើស១.៥អង្សារសេ ។ ពេលនេះ យើងត្រូវតែគិតពីការសម្របខ្លួន ហើយខ្ញុំគិតថា ក្រុងបាងកកនឹងលិចទឹកមិនខាន បើស្ថានការណ៍នៅតែបែបនេះបន្តទៀត» ។
លោកបន្តថា ៖ «ក្រុងបាងកកបានស្រាវជ្រាវពីវិធានការការពារផ្សេងៗ ដូចជា ៖ ការសាងសង់ទំនប់ស្រដៀងគ្នានឹងប្រទេសហូឡង់ ។ យើងមានគម្រោងថា នឹងផ្លាស់ប្តូរទីតាំងក្រុងបាងកក ហើយនេះជាជម្រើសល្អមួយ ។ ហេតុនេះ យើងនឹងបំបែកទីក្រុង, ស្ថាប័នរដ្ឋាភិបាល និងតំបន់អាជីវកម្មផ្សេងៗ ហើយបាងកកនឹងជាទីក្រុងធំរបស់ប្រទេសថៃបន្តទៀត ប៉ុន្តែយើងនឹងផ្លាស់ប្តូរតែតំបន់អាជីវកម្មប៉ុណ្ណោះ» ។
ចុងក្រោយ លោកបានសំណូមពរឱ្យពលរដ្ឋទាំងអស់ជួយថែរក្សាសម្បត្តិធម្មជាតិរបស់ប្រទេសថៃ និងចូលរួមអនុវត្តវិធានការផ្សេងៗ ដោយលោកបញ្ជាក់ថា តាំងពីដើមឆ្នាំ២០២៤ ការបម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យប្រទេសថៃក្តៅខ្លាំង និងកើតគ្រោះធម្មជាតិអេលនីណូ ។ គ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ផលដំណាំ, កម្រិតទឹកសមុទ្រស្រកធ្វើឱ្យផ្កាថ្មប្រែពណ៌ និងឧទ្យានជាតិជាច្រើនកន្លែងបិទដំណើរការ ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។
លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃត្រូវតែគិតពីការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់ក្នុងផ្នែកផ្សេងទៀត មុនពេលស្ថានការណ៍បំពុលបរិស្ថាននៅប្រទេសថៃកាន់តែធ្ងន់ធ្ងរជាងនេះ ។ បើមិនដូច្នោះទេ ប្រទេសថៃអាចនឹងមានទីក្រុងថ្មីមានឈ្មោះថា ទីក្រុងណាខនប៉ាធុម, ទីក្រុងរាជបុរី, ទីក្រុងឈៀងម៉ៃ និងទីក្រុងយ៉ាឡា មានន័យថា ថៃនឹងបង្កើតទីក្រុងធំនៅតាមបណ្តាខេត្តទាំងនេះ ៕










