ភ្នំពេញ៖ រលក​នៃ​ការ​រិះគន់​និង​ប្រតិកម្ម​ជា​បន្ដបន្ទាប់​ពី​សំណាក់​មហាជន​នៅ​លើ​បណ្ដាញ​សង្គម នៅ​ពេល​នេះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ (​ឆ្លើយ​ថា​ច្រឡំ​)​យក iPad គេ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ ។

នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News ថា «​ករណី​នេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ទៅ​កាន់​តុលាការ​ដើម្បី​បន្ដ​នីតិវិធី​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃនេះ​» ។

សូមរម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ២០១៩ កន្លង​ទៅ​ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន​ដដែល​ខាងលើ​នេះ​ថា «​បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រី​នគរបាល​ខាងលើ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ ។ ករណី​នេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រី​នគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ ។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​» ។

ទាំងនេះ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​កាន់តែ​ខ្លាំង ក្រោយ​ពី​លោក​ស័ក្តិ​៣ ហេង ហាប់ ដែល​បន្លំ​ចូល​លួច​យក iPad និង​ល្បី​ផ្អើល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​ដោះ​លែង​វិញ ដោយ​មិន​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​ទទួលទោស​នោះ​ទេ ក្រោម​ការ​សួរនាំ ធ្វើការ​អប់រំ និង​មាន​អ្នក​ធានា នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។ ហើយ​ប្រការ​នេះ​ធ្វើ​អោយ​មហាជន​គ្រប់​មជ្ឈដ្ឋាន ពិសេស​អ្នកលេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង នៅ​តែ​ប្រតិកម្ម និង​បន្ត​រិះគន់​យ៉ាង​ផុលផុស ។ រហូត​ដល់​មាន​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​ករណី​មន្ត្រី​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​០១​រូប ដែល​ត្រូវ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សព្វផ្សាយ​អំពី​សកម្មភាព​យក Ipad ពី​ផ្ទះ​វេរ​ប្រាក់​មួយ​កន្លែង ។

ការ​ដោះ​លែង​នេះ ក៏​មាន​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន និង​មន្ត្រី​សមត្ថកិច្ច​ជាន់ខ្ពស់​ដទៃ​ទៀត ព្រមទាំង​ប្រធាន​គណបក្ស រួម​និង​អ្នកសិល្បៈ​មួយ​ចំនួន ហើយនឹង​ពី​សំណាក់​មហាជន បាន​លើក​ឡើងជា​សំនួ​រថា ហេតុ​អ្វី​មិន​បញ្ជូន​ទៅ​កាន់​តុលាការ​សិន ដើម្បី​កាត់ទោស ឬ​រក​មេធាវី​ការពារ​ខ្លួន ដើម្បី​ដោះ​បន្ទុក ដើម្បី​បង្ហាញ​ថា រាល់​ជនល្មើស​ទាំងអស់​នឹង​រង​ការ​កាត់ក្តី នៅ​ស្ថាប័ន​តុលាការ នោះ​វា​ស្រេចការ​បាត់​ទៅ​ហើយ ។

សូម​រម្លឹក​ថា តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប (​វី​ដេ​អូ​ពេញ​មិនមែន​កាត់​ត្រឹម​១​នាទី​ទេ​) ថែម​ទាំង​មាន​សំឡេង​ម្នាស់​ហាង​និយាយ​ទៀត​ខណៈ iPad នៅ​ដល់​ក្នុង​ទូ? ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «leakhenana Jeanana» បាន​បង្ហោះ​វី​ដេ​អូ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បាន​បង្ហាញ​មន្ត្រី​នគរបាល​ម្នាក់​ចូល​ទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយ​កន្លែង​យីហោ «​រស្មី សាមគ្គី​» ស្ថិត​នៅ​ក្នុង​ខណ្ឌទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយ​គ្រឿង​ទៅ​បាត់ រួច​ក៏​ត្រូវ​ម្ចាស់​ហាង​យក​ទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share រាប់​ពាន់​នាក់ ៕