ខេត្តបាត់ដំបង៖ នារីម្នាក់មានកូនទៅដល់៣នាក់ គ្រាន់តែខឹងនឹងប្តីមិនលើកទូរស័ព្ទ ពេលនាងខលល៍ខ្លួន ស្រាប់តែតូចចិត្តស្អិតទ្រូងរហូតគិតខ្លីចង.កស្លាប់ចោលកូនយ៉ាងអាណោចអាធ័ម ត្រូវបានប្តីប្រទះឃើញសព បង្កឲ្យមានការភ្ញាក់ផ្អើល កាលនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទី នៅភូមិអង់សង្កាត់អូរចារ ក្រុងបាត់។
នារីរងគ្រោះដែលគិតខ្លីចង.កស្លាប់ចោលកូន៣នាក់ មានឈ្មោះថន លីនី អាយុ៣០ឆ្នាំ មានទីលំនៅកើតហេតុខាងលើ ។

តាមសម្តីរបស់ឈ្មោះ ចាន់ សុវណ្ណរ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ ជាប្តីរបស់នារីរងគ្រោះ បានរៀបរាប់ទាំងក្តុកក្តួលថា មុនពេលកើតហេតុ នៅវេលាម៉ោង១៩ និង០០នាទី រូបគេជាប្តីបានសុំសោម៉ូតូពីប្រពន្ធ(ស្ត្រីរងគ្រោះ)ទៅទិញអីញ៉ាំ ស្រាប់តែប្រពន្ធខ្លួនគប់កូនសោឲ្យ រួចខ្លួនបានជិះម៉ូតូទៅដល់សាលាសង្កាត់អូរចារ ក៏បានខលល៍ទៅប្រពន្ធថា «ឯងមើលងាយខ្ញុំណាស់គប់សោឲ្យខ្ញុំ» មួយសន្ទុះប្រពន្ធបានខលល៍មកវិញ ក៏មិនលើកព្រោះខឹងប្រពន្ធ។ បន្តិចក្រោយមករូបគេបានជិះម៉ូតូមកដល់ផ្ទះ ឃើញប្រពន្ធរបស់ខ្លួនដេកលើគ្រែក្នុងបន្ទប់ ពេលនោះ រូបគេបានដើរទៅអង្គុយលេងក្នុងរោងចម្លាក់ជិតផ្ទះ ហើយប្រពន្ធបានខលល៍មក៣ដង តែរូបគេមិនលើកទូរស័ព្ទរបស់ប្រពន្ធទេ។

បុរសជាប្តីបន្តថា ក្រោយមករូបគេ បានដើរត្រឡប់មកផ្ទះមើលតាមបង្អួច តែមិនឃើញប្រពន្ធដេកនៅលើគ្រែ ក៏ធាក់ទ្វារទម្លុះចូល ស្រាប់តែឃើញប្រពន្ធចង.ក និងអាវដៃវែងភ្ជាប់នឹងឈើពាក់ខោអាវក្នុងទូដាក់ខោអាវ ធ្វើឲ្យរូបគេរន្ធត់ចិត្តជាខ្លាំង និងប្រញាប់យកប្រពន្ធទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ តែគ្រូពេទ្យប្រាប់ថា ប្រពន្ធស្លាប់បាត់ហើយ ទើបរូបគេយកសពប្រពន្ធត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ លោកគ្រូពេទ្យ និងលោកព្រះរាជអាជ្ញា បានចុះពិនិត្យសាកសពនារីរងគ្រោះ រួចបញ្ជាក់ថា នារីរងគ្រោះស្លាប់ដោយធ្វើអត្តឃាត ដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន។ សពនារីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕