ស្របពេលដែលរដូវវស្សាបានចូលមកដល់ ការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ព្រៃភ្នំ ឬទឹកជ្រោះ ដើម្បីបោះតង់គឺជាពេលដ៏ស័ក្កសមបំផុត។
បើគេនិយាយដល់ការគេបោះតង់នៅតំបន់ព្រៃភ្នំ ឬទឹកជ្រោះ គេតែងតែនឹកដល់ខេត្តកោះកុង ព្រោះខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ជាពិសេសនៅតំបន់ទេសចរណ៍ធម្មជាតិជីផាតតែម្តង។
តំបន់ទេសចរណ៍ធម្មជាតិជីផាត មានទឹកធ្លាក់ជាច្រើនកន្លែង តែកន្លែងមួយដែលមិនអាចរំលងបាននោះ គឹទឹកធ្លាក់អូរម្លូ ដែលជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។
ដើម្បីទៅដល់ទឹកធ្លាក់នេះ តម្រូវអោយភ្ញៀវទេសចរណ៍ធ្វើដំណើរប្រមាណ ១៤គីឡូម៉ែត្រពី កំពង់ចម្លងជីផាត។ ភ្ញៀវទេសចរណ៍ អាចផ្ញើរឡាន ឬម៉ូតូនៅផ្ទះអ្នកភូមិរួចបន្តដំណើរប្រមាណ១៥នាទី ទើបទៅដល់ទឺកធ្លាក់។ ទឹកធ្លាក់អូរម្លូមានសណ្ឋាន ថ្មដុំច្រើន ពិបាក្នុងការដើរបន្តិច តែអាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយ។
ជាទូទៅភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកកំសាន្ត នៅតំបន់ទេសចរណ៍ជីផាតនេះ ជាលក្ខណគ្រួសារ ភាគច្រើនស្កាល់តែទឹកធ្លាក់ ឆាយជ្រៃ និងឆាយខ្ពស់តែប៉ុណ្ណោះ៕










