ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ និង​ជនសង្ស័យ​ដែល​សម្លាប់​ក្មេង​ស្រី​ប្រុស​២​នាក់​បងប្អូន នៅ​ជិត​វត្ត​អូរ​ត្រេះ ក្នុងភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់ បាន​បញ្ជូន​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ ហើយ នៅ​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ឯក ជាវ វិបុល អាយុ​២៦​ឆ្នាំ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល នាំ​ខ្លួន​ជន​ដៃដល់​ឈ្មោះ មាង វិចិត្រ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​នេះ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ ។

យោង​តាម​ចម្លើយ​សារភាព​ជាបឋម​របស់​ជនសង្ស័យ​ជា​ឃាតករ ឈ្មោះ មាង វិចិត្រ បាន​ប្រាប់​នគរបាល​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​រូបគេ​សម្លាប់​ក្មេង​ទាំង​ពីរ​នាក់​នោះ មក​ពី​រូបគេ​ស្រវឹងស្រា ហើយ​ប្រើ​គ្រឿងញៀន ។

ជនសង្ស័យ​សារភាព​បន្ត​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​ទៅ​ទិញ​គ្រឿងញៀន​ពី​បុរស​ម្នាក់ នៅ​ឆ្នេរ​អូ​ឈើទាល បន្ទាប់​មក​រូបគេ ក៏​ទៅ​ទិញ​ស្រាថ្នាំ យក​មក​អង្គុយ​ផឹក ក្នុង​បន្ទប់​ជួល ក្រោយមក​រូបគេ ក៏​ចេញពី​ក្នុង​បន្ទប់ ដើរមក​កាត់មុខ​ផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ ហើយ​ឃើញ​ក្មេង​ស្រី​នោះ កំពុង​តែ​លេង​ម្នាក់ឯង រូបគេ​ក៏​ចូល​ទៅ​ប្រឡែង​លេង​ជាមួយ បន្ទាប់​មក​ធ្វើ​ឲ្យ​រូបគេ​មាន​អារម្មណ៍​ផ្លូវភេទ​ជាមួយ​ក្មេង​ស្រី​នោះ រូបគេ​ក៏​យក​ខ្នើយ​មក​ខ្ទប់​មុខ​ក្មេង​ស្រី​រង​គ្រោះ ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​នោះ រហូត​ដល់​នាង​សន្លប់​បាត់ស្មារតី ។

ជនសង្ស័យ​សារភាព​បន្ថែម​ទៀត​ថា បន្ទាប់​មក​ប្អូនប្រុស​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​ដើរ​ចូល​មក​ដល់ ស្រព​ពេល​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត ដោយ​ខ្លាច​បែក​ការណ៍ ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ក្មេង​ប្រុស​នោះ និង​ទាត់​ធាក់​ក្មេង​ប្រុស​រង​គ្រោះ ទៅ​ផ្ទប់​នឹង​ជញ្ជាំង បណ្ដាល​អោយ​ក្មេង​ប្រុស​នោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ជនសង្ស័យ​អោយ​ដឹង​ទៀត​ថា ក្រោយ​សម្លាប់​រួច រូបគេ​ក៏​រត់​មក​ផ្ទះ​ជួល​វិញ ហើយ​បបួល​ប្រពន្ធ​របស់​គេរ​ត់ទៅ​លាក់ខ្លួន​នៅ​ស្រុក​កំណើត រហូត​ដល់​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​២ មិថុនា ២០១៩ ។

ទោះជា​យ៉ាងណា ពេល​នេះ មន្ត្រី​នគរបាល​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ​បន្ថែម​ពី​ជនសង្ស័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕