ភ្នំពេញ៖ កាលពីល្ងាចមិញថ្ងៃសៅរ៍ភេសជ្ជៈប៉ូវកម្លាំង វើក រួមជាមួយទូរទស្សន៍បាយ័នបាន រួមគ្នាប្រកាសចាប់ផ្តើមកម្មវិធីប្រដាល់មិត្តភាពរដូវកាលថ្មីរបស់ខ្លួនហើយចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះតទៅរយៈពេល ១ឆ្នាំពេញតែម្តង ដោយកម្មវិធីនេះត្រូវបានហៅ ថា “វើក សង្វៀនគុនខ្មែរ ”។

កម្មវិធី “វើក សង្វៀនគុនខ្មែរ ” នឹងនាំមកនូវការប្រកួតប្រដាល់ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពី ម៉ោង ៦ល្ងាចតទៅសរុប ៣គូរ រវាងកីឡាករកម្ពុជាប្រកួតជាមួយកីឡាករបរទេសចំនួន ២គូរ និង កម្ពុជា ជាមួយកម្ពុជា ១គូរ ដោយការប្រកួតនេះក៏នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅ លើប៉ុ​ស្តិ៍ទូរទស្សន៍បាយ័នថ្ងៃសៅរ៍ ហើយទស្សនិកជនក៏អាចចូលរួមទស្សនាផ្ទាល់នូវការប្រកួតនេះ នៅឯស្ថានីយទូរទ្សន៍បាយ័នស្ទឹងមានបានជ័យផងដែរ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកគ្រប់គ្រង់ផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិស បានអោយដឹងថា “ភេសជ្ជៈប៉ូវកម្លាំង វើក ចូលរួមឧបត្ថមផ្តាច់មុខនាំមកនូវកម្មវិធី វើក សង្វៀនគុនខ្មែរ នេះឡើង គឺក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់បុរាណខ្មែរអោយកាន់តែមាន ប្រជាប្រិយ ភាពទាំងនៅក្នុងស្រុក និង លើឆាកអន្តរជាតិ ហើយក៏ចង់លើកទឹកចិត្តដល់ យុវជន និង យុវវ័យ ចូលរួមហាត់លេងកីឡានេះដើម្បីសុខភាព ក៏ដូចជាថែរក្សានូវសម្បត្តិ កីឡាវប្បធម៌ជាតិផងដែរ។”

លោកឯកឧត្តម តែម មឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា និងតំណាងគណៈកម្មាធិការរៀបចំការប្រកួតរបស់ស្ថានីយទូរទស្សន៍បាយ័ន បានអោយដឹងថា “ការប្រកួតមិត្តភាពនេះកីឡាករនីមួយៗក៏នឹងទទួលបាននូវការឧបត្ថម ទឹកប្រាក់ ៦០មឺនរៀលសម្រាប់គូរធម្មតា និង ១លានរៀលសម្រាប់គូរពិសេស បន្ថែម ផងដែរពី ភេសជ្ជៈប៉ូវកម្លាំង វើក រាល់ជ័យជំនះទៅលើគូរប្រកួតរបស់ខ្លួន”៕