ភ្នំពេញ: ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស បានចេញដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីទទួលមេដាយមាស Monde Selection Awards ចំនួន៦ដែលទទួលស្គាល់ពីគុណភាពល្អឥតខ្ចោះនៃផលិតផលស្រាបៀរនិងភេសជ្ជៈ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។

លោកលាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា«យើងទទួលបានមេដាយមាស (Gold Monde Selection Award) ចំនួន៦ សម្រាប់ស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូប។»

លោកបានបន្តថា «ឆ្នាំនេះពិសេសត្រង់ថា យើងបានបញ្ជូនផលិតផលទៅប្រកួតច្រើនជាងឆ្នាំមុន ហើយផលិតផលទាំង៦គឺទទួលបានមេដាយបញ្ជាក់ពីគុណភាពអន្តរជាតិទាំងអស់ក្នុងពេលតែមួយ។ នេះបញ្ជាក់បានថាផលិតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សុទ្ធតែជាផលិតផលមានគុណភាពស្តង់ដារអន្តរជាតិ ហើយនេះក៏ជាមោទនភាពសម្រាប់កូនខ្មែរផងដែរ ដែលអាចផលិតបានស្រាបៀរ និងភេសជ្ជៈខ្មែរដែលមានគុណភាពទទួលស្គាល់ជាអន្តរជាតិ។»

គួរបញ្ជាក់ផងដែរ បើគិតមកត្រឹមឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទទួលបានមេដាយសរុបចំនួន១៨ សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈ មេដាយអន្តរជាតិ និង ISO ចំនួនពីរសម្រាប់ការគ្រប់គ្រងគុណភាព និងសម្រាប់ការគ្រប់គ្រងបរិស្ថានពីស្ថាប័នមកពីចក្រភពអង់គ្លេស។