ភ្នំពេញ៖ ក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា, រោងភាពយន្តលេជេន រួមសហការជាមួយក្រុមហ៊ុនចែកចាយរឿង វេសថេច មីឌាលីមីធីត បានបើកឱកាសឲ្យកុមារកំព្រា និងកុមារពិការ មកពីអង្គការមូលនិធីកុមារកម្ពុជារបស់លោកស្កុតនីសិន និង អង្គការគ្រួសារថ្មី ចំនួនជាង ៤០០នាក់ មកទស្សនារឿង បូននីប៊ែរ(Boonie Bear)ដោយឥតគិតថ្លៃ។

ការចាក់បញ្ចាំងរឿងនេះ បានធ្វើឡើងនៅរោងភាពយន្តលេជេនសាខា ស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា២០១៩ នេះ។ ក្រៅពីការបញ្ចាំងរឿងនេះ រោងភាពយន្តលេជេន ក៏បានរៀបចំជាពោតលីង ទឹកតែហ្វុសធី (Fuse Tea) ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡាកម្ពុជា ក៏ដូចជាសម្ភារៈមួយចំនួនពីក្រុមហ៊ុនប្រព័ន្ធទូរសព្ទស្មាត ជូនដល់ប្អូនៗកុមារកំព្រានិងប្អូនៗពិការ ទាំងអស់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការបញ្ជាំងរឿងសប្បុរសធម៌នេះ គឺតែងតែធ្វើឡើងជាញឹកញាប់ដោយរោងភាពយន្តលេជេន សង្ឃឹមថា នេះជាការចូលរួមចំណែកដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា ៕