រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ កូនប្រុសរបស់លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសាកសួរពីករណីបាញ់នារីម្នាក់ របួសធ្ងន់នៅក្លិបលុច្សសារី កាលពីថ្ងៃទី២៨ ខែឧសភា កន្លងមកថ្មីៗនេះ ។

ទោះជាយ៉ាងណាអ្វីដែល ធ្វើឲ្យអ្នកសារព័ត៌មាន និងមហាជនទូទៅកត់សម្គាល់នោះ គឺជនសង្ស័យបានពាក់មួក និងពាក់ម៉ាស់ចូលក្នុងសាលាដំបូងរាជធានី ដែលខុសពីជនសង្ស័យដទៃៗទៀត ។ សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ វីន សុក្របញ្ញា អាយុ២៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់លោកស្រី ញ៉ែន មរកត ដែលមានមុខងារជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្កករណីផ្ទុះអាវុធមួយ នៅក្នុងក្លិបលុច្សសារី បណ្តាលបណ្តាលឲ្យត្រូវនារីម្នាក់ របួសធ្ងន់ផងដែរ ។

នារីជាជនរងគ្រោះខាងលើ មានឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៥៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានត្រូវរបួសចំភ្លៅខាងស្តាំ ចំនួន១គ្រាប់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត តែទោះជាយ៉ាងណា មូលហេតុលំអិតពីករណីផ្ទុះអាវុធនេះ សមត្ថកិច្ចពុំទាន់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅឡើយនោះទេ ៕