ខេត្តសៀមរាប៖ ជនសង្ស័យ២នាក់ដែលបានឆក់កាបូបភ្ញៀវទេសចរបរទេសនៅតាមផ្លូវទៅប្រាសាទអង្គរ បណ្តាលឲ្យរងបួសនោះ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន២នាក់ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅម្សិលមិញនេះ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់នោះ ទី១.ឈ្មោះរ៉េត មករា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតសង្កាត់អូរឫស្សី ខណ្ឌ៧មករា ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប, ទី២.ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិព្រែកព្រះស្តេច ឃុំ/ស្រុកបាត់ដំបង ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ។
ករណីនេះ លោកអភិបាលខេត្តសៀមរាប បានជួយសាហ៊ុយព្យាបាលទាំងស្រុង និងជួយទាំងសម្រួលឯកសារក្នុងដំណើរត្រឡប់ទៅប្រទេសវិញ ហើយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានជួយសាហ៊ុយចំនួន៥០០ដុល្លារផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា រាល់ឯកសារទាំងអស់សមត្ថកិច្ចបានរកឃើញ និងប្រគល់ឲ្យជនរងគ្រោះវិញហើយ ៕

សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីចោរចំនួន០៣នាក់ បានឆក់កាបូបភ្ញៀវទេសចរបរទេស (ជនជាតិ អ៊ីរ៉ង់) នៅតាមបណ្តោយផ្លូវកូម៉ៃ(ផ្លូវឆ្ពោះទៅប្រាសាទអង្គរវត្ត)ដែលបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូរងរបួសបន្តិចបន្តួច។ ជាមួយនោះដែរ ក្រុមចោរបានយកកាបូបទៅបាត់ ដែលក្នុងកាបូបនោះមានលុយលិខិតឆ្លងដែន(Passport)ឯកសារ និងរបស់របរមួយចំនួនទៀត៕