ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មានវីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះ និង share ព្រោងព្រាតពេញក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយឃើញសកម្មភាពរបស់បុរសម្នាក់ ស្លៀកពាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល ពាក់ស័ក្តិ៣ ចូលក្នុងហាងមួយកន្លែង ហើយបន្លំយកអាយផេតរបស់ម្ចាស់ហាងកំពុងដាក់នៅលើតុ រួចកាន់ដើរចេញទៅក្រៅគេចខ្លួនបាត់។

តាមរយៈវីដេអូឃ្លីប គេឃើញបុរសម្នាក់ មានវ័យប្រមាញជាង៣០ឆ្នាំ មានសម្បុរស ស្លៀកពាក់ក្នុងឯកសណ្ឋានជាមន្ត្រីនគរបាល ពាក់ស័ក្តិ៣ ចូលក្នុងហាងមួយកន្លែង ហើយធ្វើជានិយាយទូរស័ព្ទ ដើរចុះឡើង លុះពេលម្ចាស់ហាងមិនចាប់អារម្មណ៍ បុរសរូបនោះ បានបន្លំយកអាយផេតរបស់ម្ចាស់ហាងកំពុងដាក់នៅលើតុ រួចកាន់ដើរចេញទៅក្រៅគេចខ្លួនបាត់។

ក្រោយពីសកម្មភាពនេះ បានបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានមហាជនមានការចាប់អារម្មណ៍ និងនាំគ្នាចូលខមមិនរិះគន់ជាច្រើនទៅលើបុរសមន្ត្រីប៉ូលិសម្នាក់នោះជាខ្លាំង តែវីដេអូឃ្លីបនេះ ក៏មិនដឹងកើតឡើងនៅក្នុងហាងមួយណាទេ និងមានពិតកម្រិតណាដែរ តែយ៉ាងណា អង្គភាព «KBN» រង់ចាំការបំភ្លីបញ្ជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕