ភ្នំពេញ៖ បើមិនមានអ្វីរប្រែប្រួលទេ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកស្នងការរង ចំនួន៦នាក់ត្រូវខាងក្រសួងមហាផ្ទៃអញ្ជើញដើម្បីមកបំភ្លឺ ពាក់ព័ន្ធករណីបណ្តឹងអនាមិកប្តឹងស្នងការខេត្តកណ្តាល មានដល់១៦ករណីផ្សេងគ្នា នៅអគ្គាធិការដ្ឋាន( អគារជាន់ទី៣) ។

ក្នុងលិខិតក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ លោកស្នងការរងទាំង៦នាក់ដែលត្រូវចូលខ្លួនមកបំភ្លឺនោះ រួមមាន ៖
ទី១- លោក ឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង វេលាម៉ោង ៨ ព្រឹក
ទី២- លោក ឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង វេលាម៉ោង៩ព្រឹក
ទី៣- លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿ ន ស្នងការរង វេលាម៉ោង១០ព្រឹក
ទី៤- លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង វេលាម៉ោង១៤ រសៀល
ទី៥- លោកឧត្តមសេនីយ៍ត្រី សេង គីមឃន ស្នងការរង វេលាម៉ោង ១៥រសៀល
និងទី៦- លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការរង វេលាម៉ោង១៦រសៀល ។

ករណីនេះក្រសួងមហាផ្ទៃបានចាត់ប្រតិភូអធិការកិច្ច ធ្វើអធិការកិច្ចលើពាក្យបណ្តឹង អនាមិករបស់នាយ នាយរងនិងមន្ត្រីគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដោយបានចោទប្រកាន់ថា លោកស្នងការប្រើអំណាចផ្តាច់ការធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយដែលមានរូបភាពផ្សេងៗគ្នាចំនួន១៦ករណី ។

ពាក់ព័ន្ធករណីខាងលើ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ម្សិលមិញ ជានីតិវិធីរបស់អធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយថាមិនមែន លោកស្នងការទាំង៦នាក់នោះប្តឹងលោកទេ ព្រោះកន្លងមកអធិការកិច្ចក្រសួងបានចុះមកស៊ើបសួរម្តងរួចហើយនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៕