ខេត្តព្រៃវែង៖ បុរសម្នាក់ បានក្រោកពីវេលាទៀបភ្លឺ ដើម្បីចាក់សាំងផ្ទេរចូលដបបំណងយកទៅចាក់ម៉ាស៊ីនបូមទឹកដាក់ស្រែ តែខ្វះការប្រុងប្រយ័ត្ន នៅជិតភ្លើងទៀនពេក ក៏ឆាបឆេះបង្កជាអគ្គិភ័យឆេះផ្ទះអស់ចំនួន២ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកន្ត្រោញ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ។

ជនរងគ្រោះម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញ ទី១-ឈ្មោះឌឿ ឌឿន ភេទប្រុស អាយុ៧៣ឆ្នាំ មានប្រពន្ធឈ្មោះឆយ ណៃ អាយុ៦៦ឆ្នាំ ផ្ទះមានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើអំពីបេតុងក្រោមឈើលើប្រក់ក្បឿង។ ចំណែកម្ចាស់ផ្ទះ ទី២-ឈ្មោះផៃ ធា ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះនី ចាន់ធូ អាយុ២៣ឆ្នាំ ផ្ទះមានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះឌឿ ឌឿន បានងើបពីដំណេកចាក់សាំងចេញពីកានចូលប៊ីដុងតូចបំណងយកទៅចាក់ម៉ាស៊ីនបំណងទៅបូមទឹកដាក់ស្រូវ តែពេលនោះ បុរសខាងលើមិនបានប្រុងប្រយ័ត្ន ដោយដាក់ជិតនៅក្បែរភ្លើងទៀនពេក ទើបឆ្លងឆាបឆេះដល់ផ្ទះទាំង២ខ្នង យ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឲ្យមនុស្សនៅក្នុងផ្ទះដែលកំពុងដេកលង់លក់នោះភ្ញាក់ដឹងខ្លួន និងមានការភិតភ័យជាខ្លាំងភ្នែកនៅកញ្ចឹងក នាំគ្នារត់ចេញមកក្រៅរកកន្លែងមានសុវត្ថិភាព។
ក្រោយមួយសម្ទុះមក ផ្ទះនិងទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំង២គ្រួសារខាងត្រូវអណ្តាតភ្លើងលេបត្របាក់អស់គ្មានសល់ តែយ៉ាងណា មិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតក្នុងហេតុការណ៍នេះអគ្គិភ័យនោះទេ ៕