ខេត្តកំពត ៖ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​ស​ន្និសិត​សារ​ព័ត​មាន នៅ​ឯ​សាលាខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​នា​ពេល​ថ្មី​ៗ​នេះ​ដែល​បាន​ចុះ​ផ្សាយ​អំពី​ករណី​បោះបង្គោល​ចូល​ទៅ​ក្នុង​សមុទ្រ ស្ថិត​ភូមិសាស្ត្រ​តំបន់​ភ្នំ​ដូង ភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ខេត្តកំពត​នោះ គឺជា​ដី​កម្ម​សិទ្ធ​ពិតប្រាកដ​មានច្បាប់​ត្រឹមត្រូវ ។

ការ​ប្រកាស​របស់​លោក ជាវ តា​យ បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្តកំពត បាន​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​ខ្លួន និង​បាន​បង្ហាញ​ឯកសារ​មួយ​ចំនួន ដោយ​អះអាង​ថា ម្ចាស់​ដី​ពិតជា​បាន​គ្រប់គ្រង​ដី​នេះ ស្រប​តាម​ច្បាប់​ឯកសារ​ច្បាប់​ត្រឹមត្រូវ​មែន ។

បើ​តាម​អភិបាល​ខេត្ដកំពត លោក ជាវ តា​យ អះអាង​ថា ការ​បោះបង្គោល​លើ​ដី​សមុទ្រ​ទំហំ​ជាង​១​ហិ​កតា ស្ថិត​នៅ​សង្កាត់​ត្រើយ​កោះ ក្រុង​-​ខេត្តកំពត ម្ចាស់​ដី​ពិតជា​មាន​ប្លង់​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​ដី​នេះ ត្រូវ​បាន​ចេញ​ឲ្យ​ម្ចាស់​ដី តាំងពី​ឆ្នាំ​២០០៨ ។ តាំង​ដើម​ឡើយ ដី​នេះ​មាន​ស្ថានភាព​មិន​ដូច​ពេល​នេះ​ទេ គឺជា​ប្រភេទ​ដី​អូរ​ចិញ្ចឹម​បង្គា និង​ក្ដាម​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​យក​ដី​នេះ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​បង្គា និង​ក្ដាម​ដោយ​មាន ចំនួន​១២​គ្រួសារ ជា​អ្នកកាន់កាប់​ និង​អាស្រ័យ​ផល ហើយ​មាន​ទំហំ​ផ្ទៃដី​សរុប​ស្មើនឹង​៤៥,៦១៤​ហិច​តា ។ រហូត​ដល់​ឆ្នាំ​២០០៨ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ កាន់កាប់​ដី​នេះ​ស្របច្បាប់ ជូន​ទៅ​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ខេត្ត និង​មានការ​សម្រេច​ជូន​ពី​រាជរដ្ឋាភិបាល ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​នេះ​ទៀត​ផង ព្រមទាំង​យល់ព្រម​ឲ្យ​កែប្រែ​ប្រភេទ​ដី​នេះ ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ឬ​ទេសចរណ៍​កែ​ច្នៃ ដែល​ឯកសារ​ពាក់ព័ន្ធ​ដី​កម្មសិទ្ធិ របស់​ប្រជាពលរដ្ឋ​នេះ ត្រូវ​រដ្ឋបាល​ខេត្ត​បង្ហាញ​ជូន​អ្នក​សារព័ត៌មាន តាម​រយៈ​បញ្ចាំង​ស្លាយ​ផង​ដែរ ។

ទោះ​យ៉ាងណា​អភិបាលខេត្ត​នេះ បន្ថែម​ថា លោក​កំពុង​តែ​ស្វែងរក​បុគ្គល​ដែល​ប្រកាស​លក់​ដី ឲ្យ​មក​បំភ្លឺ​នៅ​រដ្ឋបាល​ខេត្ត ជុំវិញ​ដី​ដែល​ប្រកាស​លក់ ថា​បាន​ដី​មកពីណា ស្រប​ពេល​លោក​ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​ធ្វើការ​បន្ត​ទៀត​ថា គួរ​ដក​បង្គោល​នោះ​ចេញ ឬ​យ៉ាងណា ? ព្រោះ​តាម​ផ្លូវច្បាប់ មិន​អាច​មានកម្ម​សិទ្ធិ​នៅ​លើ​ទឹក​ទេ ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​គ្រាន់តែ​ធ្វើ​ការងារ​ឲ្យ​វា​ស្របច្បាប់ បើ​ខុសច្បាប់ យើង​ចាត់វិធានការ មិន​អាច​ទុក​ឲ្យ​អនាធិបតេយ្យ ក្រៅច្បាប់​ទេ ។ ខ្ញុំ​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិយុត្តិ បើ​អ្វី​ដែល​មាន​តាម​ច្បាប់​ពីលើ​មក ខ្ញុំ​គោរព​តាម​ហ្នឹង ។ វា​មិន​ខុសច្បាប់​អី​ទេ ព្រោះ​យោង​ទៅ​ច្បាប់ លិខិត​អី ព្រោះ​ជំនាន់​នោះ ខ្ញុំ​មិន​ទាន់​មក​គ្រប់គ្រង​ទេ​» ។

អ្នក​សារព័ត៌មាន​យើង​មិន​អាច​ទាក់ទង​បុគ្គល​ដែល​អះអាង​ថា ជា​ម្ចាស់​មាន​ប្លង់​រឹង​ត្រឹមត្រូវ​នោះ​បាន​ទេ ពី​ម្សិលមិញ រួម​នឹង​ក្រុមហ៊ុន​១ ឈ្មោះ BLUE STAR REAL ESTATE Co.,Ltd បាន​ផ្សព្វផ្សាយ​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ជុំវិញ​ការ​លក់​អចលនទ្រព្យ និង​លក់​ដី​ដែល​បាន​បោះបង្គោល​ចូល​សមុទ្រ ទំហំ​ជាង​១​ហិ​កតា ស្ថិត​នៅ​សង្កាត់​ត្រើយ​កោះ ក្រុង​-​ខេត្តកំពត ដោយ​អះអាង​ថា ម្ចាស់​ដី​មាន​ប្លង់​ដី​ត្រឹមត្រូវ ។

ការ​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ដាក់​លក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​បង្គោល​សសរ​ព្រោងព្រាត នៅ​ក្នុង​ទឹកសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ផុតកន្ទុយភ្នែក​នេះ ក៏​ត្រូវ​បាន​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម និង​មជ្ឈដ្ឋាន​ទូទៅ រិះគន់​រហូត​ឈាន​ដល់​មានការ​បង្កើត​ក្រុមការងារ​ចម្រុះ​ខេត្ត ដើម្បី​ចុះ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ ។ បើ​ទោះបីជា មានការ​បកស្រាយ​ពី​អភិបាលខេត្ត​រួច​ហើយ​ក្តី ប៉ុន្តែ​មហាជន​នៅ​តែ​មាន​ច​ម្ង​ល់​ជា​ដដែល ពីព្រោះ​ពួក​គាត់​យល់​ឃើញ​ថា ដី​ក្នុង​សមុទ្រ​មាន​ប្លង់​កម្មសិទ្ធិ រីឯ​ដី​លើគោក​ជិត​តំបន់​ខាងលើ បែរជា​មិន​មាន​ប្លង់​កម្មសិទ្ធិ​ចេញ​ដោយ​អាជ្ញាធរ​ឡើយ ៕