ខេត្តកំពង់ចាម ៖ ករណីឃាតកម្មដ៏សាហាវ លើអ្នកគ្រូក្រមុំបង្រៀនភាសាកូរ៉េ ដែលត្រូវឃាតករវាយសម្លាប់ អាក្រាតល្វែងក្រោម កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចបរិវេណ សាលាបឋមសិក្សា ហ៊ុនណេង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចំណែកយុវជនជាសង្សារត្រូវឃាតករ វាយបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ត្រូវក្រុមគ្រួសារបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯប្រទេសវៀតណាមនោះ។ ពេលនេះបានដឹងខ្លួហើយ តែស្ថានភាពរបួសនៅធ្ងន់ធ្ងរនៅឡើយ និងកំពុងខ្វះថវិកាថ្លៃសម្រាកព្យាបាល។

សូមបញ្ជាក់ថា យុវជនរងគ្រោះ ឈ្មោះម៉ៅ សុខម៉ិញ អាយុ២១ឆ្នាំ មានមុខរបរជាជាងទង និងជាអ្នកមើលការខុសត្រូវ នៅក្នុងសាលាកូរ៉េ សេអ៊ូល មានទីតាំងស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានជនសង្ស័យវាយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យឯប្រទេសវៀតណាម ដើម្បីសង្គ្រោះជីវិត។ ចំណែកនារីជាសង្សារឈ្មោះ ហ៊ី ធាវិន អាយុ២៤ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាសេអ៊ូល និងមានលំនៅក្នុងភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានឃាតករវាយសម្លាប់ ទាំងអាក្រាតកាយល្វែងក្រោម។

នៅពេលដែលយុវជនរងគ្រោះខាងលើ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យឯប្រទេសវៀត និងកំពុងតែខ្វះខាតថវិកាបង់ថ្លៃពេទ្យនោះ អ្នកស្រី ណារី ជាម្ចាស់សាលាភាសាកូរ៉េ អ៊ីឈុន បានសរសេរសារអំពាវនាវតាមគណនីហ្វេសប៊ុក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ថា “ជម្រាបសួរពុកម៉ែបងប្អូន ជនរួមជាតិទាំងអស់ក្នុងនឹងក្រៅប្រទេស ថ្ងៃនេះនាងខ្ញុំសូមលើកម្រាមដៃដប់ សំពះប្រកាសស្វែងរកជំនួយពីសំណាក់ពុកម៉ែ បងប្អូនមិត្តៗ ក៏ដូចជា ឯកឧត្តម លោកឧកញ៉ា និងលោកជំទាវ ដើម្បីជួយសម្រួលក្នុងការចំណាយថ្លៃព្យាបាលប្អូនប្រុស ម៉ៅ សុខម៉ិញ ដែលជួបគ្រោះថ្នាក់ករណីឃាតកម្ម (មិនបាត់បង់ជីវិត តែរងរបួសធ្ងន់) កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កន្លងនៅនេះ។

ឥឡូវនេះ ប្អូនប្រុសកំពុងទទួលការព្យាបាលនៅឯប្រទេសវៀតណាម ដោយត្រូវការថវិកាជាច្រើន ក្នុងការព្យាបាល តែអ្វីដែលសំខាន់នោះ គ្រួសារគាត់ក្រីក្រ ឪពុកម្តាយធ្វើសំណង់ រកមួយថ្ងៃ រស់មួយថ្ងៃ គ្មានលទ្ធភាពគ្រប់គ្រាន់នោះទេ។ សូមជួយគាត់ផង ព្រោះប្អូនប្រុសម៉ៅ សុខម៉ិញ គាត់ជាមនុស្សល្អ ចិត្តបុណ្យ សុភាព៘ ដូច្នេះហើយ ទើបនាងខ្ញុំប្រកាសស្វែងរកជំនួយ តាមរយៈសង្គម facebook តិចក្តីច្រើនក្តី តាមសទ្ធាជ្រះថ្លារបស់អ្នកទាំងអស់គ្នា។ បើមិនបានជួយជាថវិកា ត្រឹមជួយ like និង share ក៏បានដែរ។ អរគុណទុកមុនអ្នកទាំងអស់គ្នា។ ០៩៧ ៩៣៩៩ ៤៩៩ លេខរបស់នាងខ្ញុំផ្ទាល់…”៕