ខេត្តកណ្តាល ៖ ចាប់ពីម៉ោង​៨​ព្រឹកថ្ងៃ​ទី​២៨ ឧសភា ២០១៩ ស្អែក​នេះ ក្រសួងមហាផ្ទៃ​ បាន​​អញ្ជើញលោក​ស្នងការ​រង​ចំនួន​៦​រូប ដើម្បី​ចូល​មក​បំភ្លឺ​នៅ​អគ្គាធិការដ្ឋាន អគារ​ជាន់​ទី​៣ នៃ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​បណ្តឹង​អនាមិក ប្តឹងលោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ​ស្នងការ​ខេត្តកណ្តាល ១៦​ករណី​ ផ្សេង​គ្នា ។

លោកស្នងការ​រង​ទាំង​៦​រូប ដែល​ត្រូវ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ នា​ថ្ងៃស្អែកនេះ ​រួម​មាន ៖
១-​លោក​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង ៖ វេលា​ម៉ោង​៨​ព្រឹក
២-​លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សុ​វិ​ន ស្នងការ​រង ៖ វេលា​ម៉ោង​៩​ព្រឹក
៣-​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សា​វឿ​ន ស្នងការ​រង ៖ វេលា​ម៉ោង​១០​ព្រឹក
៤-​លោក​ឧត្តមសេនីយ៍ត្រី តុ​ប សុវណ្ណ ស្នងការ​រង ៖ វេលា​ម៉ោង​១៤​រសៀល
៥-​លោក​ឧត្តមសេនីយ៍ត្រី សេង គី​ម​ឃ​ន ស្នងការ​រង ៖ វេលា​ម៉ោង​១៥​រសៀល
៦-​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​រង ៖ វេលា​ម៉ោង​១៦​រសៀល ​។

កន្លង​មក ក្រសួងមហាផ្ទៃ ធ្លាប់​បាន​ចាត់​ប្រតិភូ​មួយ​ក្រុមឲ្យចុះ​មក​ធ្វើ​អធិការកិច្ច​លើ​ពាក្យបណ្តឹង​អនាមិក​មួយ​ដែល​ផ្ញើ​ជូន​ទៅ​សម្ដេច​ក្រឡាហោម ស ខេ​ង កាលពី​ពី​ថ្ងៃ​ទី​១៩ មេ​សា ២០១៩ របស់​នាយ នាយ​រង និង​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ប្តឹង​លោកស្នងការ អ៊ា​វ ចំរើន ដោយ​ចោទប្រកាន់​ថា លោកស្នងការ​ប្រើ​អំណាច​ផ្តាច់​ការ ធ្វើបាប​កូនចៅ និង​ប្រព្រឹត្ត​អំពើ​ពុករ​លួច ដែល​មាន​រូបភាព​ផ្សេង​ៗ​គ្នា ចំនួន​១៦​ករណី ។ បណ្ដឹង​អម​ទៅ​ដោយ​ស្នាម​មេដៃ និង​គ្មាន​ឈ្មោះ បាន​ស្នើ​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឲ្យ​ដកហូត​តំណែង​ស្នងការ​នគរបាល​ខេត្តកណ្ដាល​រូប​នេះ ។

បណ្តឹង​អនាមិក​នេះ បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​លោកស្នងការ​នគរបាល​ខេត្តកណ្តាល អ៊ា​វ ចំរើន បាន​ចេញ​សេចក្តីសម្រេច​ដក​តំណែង មន្ត្រី​នគរបាល​ស្រុក​ស្អាង​ចំនួន​៣​នាក់ បន្ទាប់​ពី​រក​ឃើញ​ថា ពួក​គេ​មានការ​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​កាង បន​ល្បែងស៊ីសង​ខុសច្បាប់​ជា​ច្រើន​កន្លែង ក្នុង​មូលដ្ឋាន​ដែល​ពួក​គេ​គ្រប់គ្រង ។

ពាក់ព័ន្ធ​នឹង​ករណី​ក្រសួងមហាផ្ទៃ​កោះហៅ​ស្នងការ​រង​ទាំង​៦​រូប ចូល​បំភ្លឺ​នៅ​ក្រសួង​នោះ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៧ ឧសភា​នេះ​ថា នេះ​ជា​នីតិវិធី​របស់​ក្រុម​អធិការកិច្ច​របស់​ក្រសួងមហាផ្ទៃ ហើយ​មិនមែន​លោកស្នងការ​រង​ទាំង​៦​រូប​ខាងលើ​នេះ ប្តឹង​រូប​លោក​នោះ​ដែរ ព្រោះ​កន្លង​មក​អធិការកិច្ច​បាន​ចុះ​មក​ស៊ើបសួរ​ម្តង​រួច​ហើយ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។ លទ្ធផល​យ៉ាងណា​នោះ រង់ចាំ​មើល​ក្រោយ​ការ​ចូល​បំភ្លឺ​របស់​លោកស្នងការ​រង​ទាំង​៦​រូប​ ៕