ភ្នំពេញ៖ រថយន្តម៉ាកកាមរីបានឡែនមួយគ្រឿង ម្ចាស់បើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគូទរថយន្តធុនធំ១គ្រឿង បណ្តាលឲ្យខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ និងផ្ទុះជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ទាំងយប់ តែទម្រាំតែរលត់ទៅវិញ រថយន្តកាមរីបានឡែននោះ ត្រូវអណ្តាតភ្លើងឆេះសល់តែគ្រោងឆ្អឹង ទុកឲ្យម្ចាស់ថ្លឹងដែកលក់ឲ្យអេតចាយប៉ុណ្ណោះ។

ករណីរថយន្តបាឡែនបុកគូទរថយន្តធំ ហើយផ្ទុះឆេះគ្មានសល់នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសស្គាល់ឈ្មោះម្នាក់ បើករថយន្តម៉ាកកាមរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-0830 បានធ្វើដំណើរឡើងស្ពានព្រះមុនីវង្ស ក្នុងទិសដៅពីកើតមកលិច បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកណ្តាលស្ពាន អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកគូទរថយន្តធុនធំមួយគ្រឿងនៅពីមុខយ៉ាងពេញទំហឹង និងផ្ទុះចេញជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ ។ រីឯរថយន្តធុនធំដែលបើកនៅខាងមុខមិនឈប់ទេ ដោយបន្តដំណើរទៅមុខបាត់ស្រមោល។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍មានករណីភ្លើងឆេះរថយន្ត កម្លាំងសមត្ថកិច្ចបានចេញសង្គ្រោះភ្លាម ដោយបាញ់ទឹកអស់មួយឡាន ក៏រលត់ទៅវិញ និងមិនបង្កឲ្យមានមនុស្សរងរបួស ហើយម្ចាស់រថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។ តែគួរស្តាយទម្រាំតែរលត់ រថយន្តខាងលើត្រូវអណ្តាតភ្លើងឆាបឆេះអស់ទៅហើយ ពោលគឺសល់តែគ្រោងឆ្អឹងដែក ទុកឲ្យម្ចាស់ថ្លឹងលក់អេតចាយ៕