ភ្នំពេញ៖ ជនជាតិចិន២ក្រុម មិនដឹងជាមានជម្លោះគ្នារឿងអ្វីឡើយ ស្រាប់បើកឡានដេញបុកគ្នា និងវាយគ្នាយ៉ាងអនាធិបតេយ្យដូចហ្វូងគោ បង្កឲ្យមានការភ្ញាក់ជាខ្លាំង នៅវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹកកេងកង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3693 បើកបរដោយជនជាតិមួយក្រុម ធ្វើដំណើរបោះពួយតាមបណ្ដោយផ្លូវ៩៥ ក្នុងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3376 ដែលកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចចំចំហៀងខាងឆ្វេង បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា។

ប្រភពបន្តថា ភ្លាមៗនោះជនជាតិចិនដែលជិះនៅក្នុងរថយន្តទាំង២ បានចុះពីលើរថយន្តហើយឈ្លោះប្រកែកគ្នាបែកផ្សែង ប៉ុន្តែមិនដឹងផ្តើមឡើងពីរឿងអ្វីទេ ព្រោះតែពួកគេនិយាយភាសាចិន និងគ្មានអ្នកចេះស្តាប់យល់ភាសាចិន រហូតដល់បង្កហិង្សាដេញវាយគ្នាពេញផ្លូវ យ៉ាងសាហាវដូចក្នុងរឿងចិនហុងកុងកាប់ចាក់មិនខុសគ្នាឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទើបពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ទើបពួកគេនាំគ្នាគេចខ្លួនពីកន្លែងហេតុ ។ បន្ទាប់សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕