ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆាបឆេះសិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ។

ម្ចាស់សិប្បកម្មកែច្នៃប្រេងខ្មៅនេះ ឈ្មោះ ថន សេងលី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ករណីអគ្គីភ័យនេះ បានបំផ្លាញរថយន្តដឹកប្រេង០១គ្រឿង, ម៉ាស៊ីនចម្រាញ់០៧គ្រឿង, ស៊ីទែនផ្ទុកប្រេងចំនួន០៦, ធុងជ័រ២៤ និងប្រេងម៉ាស៊ូតចម្រាញ់រួច ចំនួន៦៧,០០០លីត្រ។ ក្នុងប្រតិបត្តិការពន្កត់អគ្គីភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន០៤គ្រឿង មានរថយន្តអធិការដ្ឋាន០១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ០២គ្រឿង, រថយន្តសាលាមិត្តភាពកម្ពុជាវៀតណាម០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត និងកម្លាំង២៥នាក់។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មស្លប្រេងខ្មៅនេះ កាលពីពេលកន្លងទៅ សមត្ថកិច្ចបានចុះបិទអាជីវកម្មរួចមកហើយ ព្រោះគ្មានការអនុញ្ញាត ។ ប៉ុន្ដែក្រោយមក បានលួចបើកដំណើរការឡើងវិញ ដោយស្ងាត់ៗ ទើបមានគ្រោះថ្នាក់អគ្គិភ័យនេះកើតឡើង៕