ខេត្តបន្ទាយមានជ័យ៖ ប្តីប្រពន្ធវ័យក្មេង១គូ ក្រោយពីរៀបការ បានដេកយល់សប្តិឃើញមានគេយកខែ្ស.កចំនួន៣ខែ្សមកឲ្យ ។ ចាប់តាំងពីពេលនោះមក នារីជាប្រពន្ធក៏មានផ្ទៃពោះតែម្តង លុះពេលដល់ថ្ងៃឈឺពោះទៅមន្ទីរពេទ្យ សម្រាលបានកូនភ្លោះគួរឲ្យស្រឡាញ់ដល់ទៅ៣នាក់ ហើយទើបតែចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។ ។

នារីដែលសម្រាលបានកូនភ្លោះ៣នាក់ មានឈ្មោះឱ ស្រីរ៉ង អាយុ២១ឆ្នាំ និងបុរសជាប្តីមានឈ្មោះអូន ញ៉ អាយុ១៩ឆ្នាំ មុខរបរជាងសំណង់។ អ្នកទាំង២ រស់នៅក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

នារីសម្រាលបានកូនភ្លោះ៣ខាងលើ បានរៀបរាប់ឲ្យដឹងថា ប្តីប្រពន្ធនាងរៀបការបានរយៈពេល២ឆ្នាំមកហើយ មានយប់មួយ ខណៈដែលនាងកំពុងដេកលង់លក់ក្នុងដំណេក បានយល់សប្តិឃើញគេយកខែ្ស.កមាស ចំនួន៣ខ្សែមកឲ្យនាង។ ចាប់តាំងពេលនោះមក នាងមានផ្ទៃពោះតែម្តង តែមិនបានទៅមន្ទីរពេទ្យឆ្លុះអេកូឲ្យបានត្រឹមត្រូវទេ ដោយសារតែគ្រួសារនាងមានជីវភាពខ្សត់ខ្សោយ។ លុះនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នាងចាប់ផ្តើមមានអាការៈឈឺពោះ ។

ពេលនោះប្តីរបស់នាងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប រហូតមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នាងក៏បានសម្រាលកូនភ្លោះដល់ទៅ៣នាក់ (ស្រី១ ប្រុស២) ។ ប្តីប្រពន្ធនាងដាក់ឈ្មោះកូនទី១. ឈ្មោះសួរ ស្រីពេជ្រ (ស្រី) ទី២. ឈ្មោះសួរ បញ្ញារឹទ្ធិ (ប្រុស) និងទី៣.ឈ្មោះសួរ បញ្ញារី (ប្រុស) ។

នារីខាងលើ បញ្ជាក់ថា ក្រោយសម្រាលកូនរួច ក្រុមគ្រូពេទ្យតម្រូវឲ្យនាងសម្រាកនៅទីនោះរហូតមក ដើម្បីថែបំប៉នសុខភាពម្តាយកូននាងរហូតរឹងមាំ ទើបអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។ ពេលនេះ មិនទាន់មានមន្ត្រី ឬសប្បុរសជនណា ផ្តល់អំណោយដល់ក្រុមគ្រួសារនាង ដែលកំពុងតែជួបការខ្វះខាត ហើយនាងនិងប្តីកំពុងតែរង់ចាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ហ៊ុនសែន មកជួយស្រោចស្រង់គ្រួសារនាង៕