ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខឱសថស្ថានយីហោ យូឃែរ នៅផ្ទះលេខ១៧ ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មុនពេលកើតហេតុ គេឃើញនារីជនជាតិចិនម្នាក់ មានវ័យជាង២០ឆ្នាំ បានជិះកង់បីឥណ្ឌា១គ្រឿង មកឈប់ខាងមុខទីតាំងកើតហេតុ ហើយបានមកអង្គុយនៅលើកៅអីមួយនៅខាងមុខហាងលក់ថ្នាំពេទ្យ ដោយមានទឹកមុខស្រពាប់ស្រពោន និងបាននិយាយទូរស័ព្ទ ជាមួយជនជាតិចិនដូចគ្នា ក្នុងសភាពឈ្លោះប្រកែកគ្នា ។ បន្តិចក្រោយមក ទើបដាក់ទូរស័ព្ទចុះ រួចបានយកថ្នាំពីក្នុងកាបូបដៃរបស់នាង មកលេបជាច្រើនគ្រាប់តែម្តង។

មួយសន្ទុះក្រោយមក គេឃើញនារីជនជាតិចិនម្នាក់នោះ មានសភាពទន់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះ នាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ច ដែលកំពុងល្បាត ឲ្យជួយអន្តរាគមន៍ ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ។ ភ្លាមៗនោះដែរ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ២AZ-២៣៧០ ដោយមានបុរសជាជនជាតិចិន ដូចគ្នាចំនួន ៣ទៅ៤នាក់ មកដឹកពីកន្លែងកើតហេតុ យកទៅកាន់មន្ទីរពេទ្យបាត់ទៅ ៕