ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ និងភ្ញាក់ជាខ្លាំង ព្រមទាំងចែកចាយតគ្នាព្រោងព្រាត នូវរូបកូនកំលោះក្រមុំ១គូ ដែលចូលរោងជ័យមង្គលនៅថ្ងៃនេះ ដោយសារតែពួកគេមានឈ្មោះដូចគ្នា ទាំងនាមត្រកូន និងសាមីខ្លួនកូនកំលោះក្រមុំ ដែលកម្រជួបប្រទះពីមុនមកណាស់។

តាមរយៈរូបថតដែលកូនកំលោះក្រមុំ ថតនៅថ្ងៃជ័យមង្គលរបស់ខ្លួន នៅថ្ងៃនេះ (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩) ដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហេ្វសប៊ុក គេឃើញឈ្មោះកូនកំលោះនិងក្រមុំ នៅលើផ្ទាំងតែងលំអពិធីអាពាហ៍ពិពាហ៍ មានឈ្មោះដូចគ្នា គឺឈ្មោះសំរិទ្ធ វិច្ឆិកា ។ ចំណែក នៅលើសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេវិញ បង្ហាញថាមង្គលការរបស់ពួកគេ ត្រូវប្រារព្ធឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នេះម្តង នាភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមមិត្តភក្ដិដែលចូលទៅ Comment លើការបង្ហោះរូបថតនោះ បានឱ្យដឹងថា ពួកគេទាំង២នាក់(កូនកំលោះក្រមុំ) ស្គាល់គ្នា ដោយសារតែ Search រកឈ្មោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ហើយក៏ចាប់ផ្តើមរាប់អានគ្នាធ្វើជាមិត្ត បន្ទាប់មកពួកគេបង្កាត់ភ្លើងស្នេហ៍ ស្រឡាញ់យល់ចិត្តថ្លើមគ្នាយ៉ាងស្អិតល្មួតដូចស្រមោចនិងស្ក ទើបឈានដល់ដឹកដៃគ្នាចូលរោងជ័យមង្គលតាមប្រពៃណី បំពេញមុខមាត់ចាស់ទុំទាំងសងខាង ក្លាយជាប្តីប្រពន្ធពេញច្បាប់ចាប់ពីពេលនេះតទៅ និងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែប្តីប្រពន្ធពួកគេ មានឈ្មោះតែមួយដូចគ្នា៕