រាជធានី​ភ្នំពេញ ៖ ជុំវិញ​បញ្ហា​មន្ត្រីរាជការ​ស៊ីប្រាក់ខែ​រដ្ឋ តែ​មិន​ព្រម​ធ្វើការ​បម្រើ​រដ្ឋ​ឲ្យ​ពេញដៃពេញជើង ពោល​គឺ​យក​ពេល​រដ្ឋ​ទៅ​ធ្វើ​ការងារ​ឯកជន ឬ​រកស៊ី​ខាងក្រៅ ហើយ​បើ​នៅ​កន្លែង​វិញ​គឺ​ខ្ចិ​ល​ធ្វើការ​នោះ ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ព្រមាន​បង្ហោះ​រូប​មន្ត្រី​ដែល​មាន​តែ​ឈ្មោះ​ហើយ​អត់​ធ្វើការ ដោយ​រង់​ចាំតែ​បើក​ប្រាក់ខែ​ក្រសួង នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «​ក្រោយ​ពី​មានការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​គ្រប់​អគ្គនាយកដ្ឋាន បញ្ជូន​ឈ្មោះ និង រូបថត មន្ត្រី​ណាខ្លះ ដែល​មាន​តែ​ឈ្មោះ តែ​បើក​ប្រាក់ខែ ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង​» ៕