ភ្នំពេញ ៖ បន្ទាប់​ពី​មាន​អំពើ​ឃាតកម្មលើ​យុវជនម្នាក់ ដែលត្រូវ​ឃាតករ​កាប់សម្លាប់ឡើងសុះខ្លួន ​យ៉ាង​សាហាវ​បំផុត នៅ​ក្នុង​បន្ទប់​ជួល​របស់​ឪពុកមា​ដែល​បើក​ធ្វើ​ធ្មេញ មក​ដល់​ម៉ោង​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​កោ​ល​ស្យ​វិច័យ​នៅ​កន្លែង​កើតហេតុ​នៅឡើយ ដោយ​រក​ឃើញ​នៅ​ក្បែរ​សាកសព មាន​ដប​សាំង​មួយ បើ​តាម​ការ​សង្ស័យ​ឃាតករ​អាច​នឹង​សម្លាប់​ហើយ ដុត​សាកសព​ចោល​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នេះ​ត្រង់​នៅ​ចំណុច​ផ្ទះ​ជួល​បើក​ពេទ្យធ្មេញ ម្តុំ​ផ្សារ​ត្រពាំង​ព្រាយ ផ្លូវ​លេខ​១៥១ ក្នុងភូមិ​បឹង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។

សមត្ថកិច្ច​ដែល​កំពុង​ស្រាវជ្រាវ​ករណី​ឃាតកម្ម​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​លើ​ខ្នង​សាកសព​យុ​វ​ជន​រង​គ្រោះ មាន​ស្នាម​កាប់ និង​មាន​ស្នាម​រលាក​ជា​ច្រើន​កន្លែង​ទៀត ប៉ុន្តែ​ប្រហែលជា​ឱកាស​មិន​អំណោយផល ទើប​ឃាតករ​នាំ​គ្នារ​ត់បា​ត់ទៅ ។ យ៉ាងណា នៅ​ក្បែរ​សាកសព​យុវជន​រង​គ្រោះ សមត្ថកិច្ច​បាន​រក​ឃើញ​ដប​សាំង​មួយ​ដប​ផង​ដែរ ។

យុវជន​រង​គ្រោះ​ខាងលើមានឈ្មោះ​ធន់ រ៉ា​វី​ន អាយុ​១៩​ឆ្នាំ មាន​លំនៅ​ភូមិ​ត្រ​គួ​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ស្នាក់​នៅ​ជាមួយ​ឪពុកមា​ឈ្មោះ​មឿ​ន សុ​វត្ថា ជា​ពេទ្យធ្មេញ នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ដោយឡែក​ បើ​តាម​ការ​សួរ​សង្សារ​របស់​យុវជន​រង​គ្រោះ នាងបានប្រាប់​សមត្ថកិច្ច​ ​ថា កាលពី​យប់មិញ វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២១០៩ នាង​និង​យុវជន​រង​គ្រោះ (​សង្សារ​) បាន​នាំ​គ្នា​ទៅ​ញាំ​ប្រហិត ។ លុះដល់​ម៉ោង​ជិត​១០​យប់ នាង​និង​សង្សារ​បាន​បបួល​គ្នា​មក​ផ្ទះ ហើយ​សង្សារ​របស់​នាង​បាន​ជូន​នាង​មក​ដល់​ផ្ទះ ហើយ​ក៏​បាន​ចេញ​ទៅ​ផ្ទះ​របស់​គាត់​បាត់​ទៅ ដោយ​មាន​បញ្ហា​ជាមួយ​នរណា​ម្នាក់​នោះ​ទេ លុះ​ព្រឹក​ឡើង (ថ្ងៃកើតហេតុ) ក៏មានការភ្ញាក់ផ្អើល​ពីការ​សម្លាប់នេះ​​តែ​ម្តង ​។

ទោះបីជា​យ៉ាង គេ​ពុំ​ដឹង​ថា យុវជន​នោះ មានរឿង​អ្វី​នោះ​ទេ ទើបត្រូវ​គេ​សម្លាប់ ។ បើ​តាម​សមត្ថកិច្ច មានការ​សង្ស័យ​អាច​ជា​រឿង​គំនុំ ឬ​អាច​ផ្តើម​ចេញពី​ស្នេហា​ត្រីកោណ ។ បើ​តាម​ការ​ពិនិត្យ​កើតហេតុ ឃើញ​សុទ្ធតែ​ឈាម ហើយ​យុវជន​រូប​នេះ អាច​មានការ​ប្រតាយប្រតប់​គ្នា​ជាមួយ​ឃាតករ​ទៀត​ផង ៕