ភ្នំពេញ៖ ក្រោយពីដឹងថា ជនសង្ស័យបានរួមភេទជាមួយកូនស្រីរបស់ខ្លួន ដែលមានអាយុទើបតែ១៤ឆ្នាំ បានសម្រេចជាច្រើនលើក ស្ត្រីជាម្ដាយបានប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យជាយុវជនម្នាក់ កាលពីរវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
មន្រ្តីអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួននោះ ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន) ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី ក្មេងស្រីរងគ្រោះ បានបាត់ចេញពីផ្ទះ ហើយស្រ្តីជាម្ដាយនិងសាច់ញាតិបានដើររកតែ រកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។
លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មីងបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឃើញក្មេងស្រីរងគ្រោះកំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យខាងលើ ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានទូរស័ព្ទប្រាប់ស្រ្តីម្តាយបង្កើតក្មេងស្រីរងគ្រោះឲ្យបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកឃើញកូនស្រីខ្លួននៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បារស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក តែម្ដង ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេមានការទំនាក់ទំនងស្រឡាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន៨ដងរួចមកហើយ។
ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕