ភ្នំពេញ៖ ឆេះកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុន SAVLMEX ចតនៅកណ្តាលទន្លេយ៉ាងសន្ធោសន្ធៅផ្អើលសមត្ថកិច្ច ​ត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ​​ហេតុការណ៍​នេះ​កើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទាបភ្លឺ ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ​នៅ​​ក្នុងទឹកទន្លេទល់មុខនឹងក្រុមហ៊ុន SAVLMEX ​ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រ​លេខ៦ ខណ្ឌឬស្សី
កែវ។

​សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងកើតហេតុខាងលើនេះ មានប្រជាពលរដ្ឋបានរាយការណ៍ទៅឲ្យខាងសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែតលេខ៦ថាមានករណី​អគ្គិភ័យឆេះកប៉ាល់​ដ៏ធំមួយគ្រឿងដឹកប្រេង​ចំនុះ៦ពាន់តោន របស់​ក្រុមហ៊ុន SAVLMEX ចតនៅកណ្តាលទន្លេសុខៗស្រាប់តែឆ្លងចរន្តពីម៉ាស៊ីន​កប៉ាល់ក្តៅខ្លាំងពេក ហើយហៀរប្រេងម៉ាស៊ីន​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលអស់សមត្ថកិច្ចមួយខណ្ឌឬស្សីកែវដុតដៃដុតជើងរកវិធី បើកកប៉ាល់មកអែបមាត់ច្រាំងដើម្បីងាយស្រួលឲ្យ​រថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ​ចំនួន៩គ្រឿងដើម្បីទប់ស្កាត់​កុំឲ្យរាយដាលទៅដល់កន្លែងផ្សេង ពីព្រោះទល់មុខហ្នឹងជាកន្លែងស្តុបប្រេង ។ អគ្គិភ័យខាងលើ ប្រើប្រាស់រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន៩គ្រឿង ។

​សូមបញ្ជាក់ថានៅលើកប៉ាល់មុនឆាបឆេះ មានកម្មករកំពុងតែបូមប្រេងចូលក្នុងស៊ីទែន​ស្តុក​របស់ក្រុមហ៊ុន ខណៈពេលឆាបឆេះបណ្តាលឲ្យកម្មករម្នាក់​រងរបួសធ្ងន់ ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យកាល់​ម៉ែត និងបានរលត់អស់ទាំងស្រុងនៅ​វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃដដែល។​ អគ្គិភ័យនេះ ឆេះខូចខាតកប៉ាល់ និងប្រេងដែលស្តុក​នៅក្នុង​កប៉ាល់៕