ខេត្តកំពត៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជាចោរជើងខ្លាំងខាងដើរលួចរថយន្តបានម្នាក់ទៀតហើយ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅកាស៊ីណូភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។

ជនសង្ស័យ ឈ្មោះ សុះ តាំ ភេទប្រុស អាយុ៤៥ឆ្នាំ ស្រុកកំណើតភូមិបត់កណ្តោល ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់បានកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ឈ្មោះ សុខ វិសាល ហៅ ម៉ាប់ ឬនាង ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើតភូមិត្រពាំងត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ម្ចាស់រថយន្តឈ្មោះ អ៊ុយ សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានបាត់រថយន្ត កាមរីបាឡែន ពណ៌ទឹកមាស ស៊េរី ២០០៣ ស្លាកលេខ ភ្នំពេញ 2-AK 5791)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចរថយន្ត ក្នុងខេត្តកំពតចំនួន ០៤ លើក គឺ ៖
-លើកទី១ ៖ នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៩ លួចរថយន្តចំនួន ០២ គ្រឿង នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ។
-លើកទី២ ៖ នៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០១៩ លួចរថយន្តហាយឡែនឌ័រ នៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។
-លើកទី៣ ៖ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ លួចរថយន្តបាឡែន នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ។
-និងលើកទី៤ ៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ លួចរថយន្តបាឡែន នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។

ជនសង្ស័យឈ្មោះ សុះ តាំ បានឆ្លើយសារភាពថា ខ្លួនបានចូលរួមលួចរថយន្ត នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក កាលពីយប់ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរនេះ បានដើរលួចរថយន្តតាមខេត្តផ្សេងទៀតជាច្រើនគ្រឿង ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕