ខេត្តត្បូងឃ្មុំ: បុរសម្នាក់ជិះម៉ូតូពេលយប់ងងិត មិនមានភ្លើងបំភ្លឺផ្លូវ មើលមិនឃើញ ស្រាប់តែទៅបុករថយន្តមួយគ្រឿងកំពុងចតនៅលើផ្លូវ និងមិនដាក់ភ្លើងសញ្ញា បណ្ដាលឲ្យរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ (គីឡូម៉ែត្រលេខ៤១) ស្ថិតនៅក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ។

ជនរងគ្រោះឈ្មោះ ស៊ឹង ធឿន ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ។
មុនពេលកើតហេតុ ជនរងគ្រោះជីះម៉ូតូម៉ាកCBR) ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយមិនពាក់មួកសុវត្តិភាព និងម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវ ។ លុះមកដល់កន្លែងកើតហេតុ បានបុកមែកឈើជាសញ្ញាគ្រោះថ្នាក់ដែលដាក់នៅខាងក្រោយរថយន្តឈប់ស្ងៀមនោះ រួចបន្តបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ០៨តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D 4895 ចតចោលលើផ្លូវ និងមិនបានដាក់ភ្លើងសញ្ញានោះ ។

ក្រោយពេលកើតហេតុ អ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕