ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា ២០១៩ នេះ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​បែប​ជា​សំណួរ​ទៅ​កាន់​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ថា ប្រជាជន​កម្ពុជា​កើន​ដល់​១៦​លាន​នាក់ ទ្វេ​១​ជា​២​ជា​៣ បើ​មិន​កាប់​ព្រៃឈើ​ខ្លះ តើ​បាន​ដី​ឯណា​សង់​លំនៅ​ដ្ឋា​ន និង​បង្កបង្កើន​ផល ? បើ​មិន​កាប់​ព្រៃឈើ​ខ្លះ ធ្វើ​ម៉េច​បាន​ដី ដើម្បី​អភិវឌ្ឍន៍​ប្រទេស ?

លោក សុខ ឥ​សាន បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​រយៈពេល​ថ្មី​ៗ​នេះ ការ​ឡើងក​ម្កៅ​និង​អាកាសធាតុ​ហួតហែង​ខ្លាំង បាន​ធ្វើ​ក្រុម​អតីត​បក្ស​ប្រឆាំង​មាន​ហេតុផល​រិះគន់​រដ្ឋាភិបាល​ថា មក​ពី​កាប់​ព្រៃឈើ ។

លោក​អ្នកនាំពាក្យ​លើក​ឡើង​ទៀត​ថា ក្រុម​អ្នកប្រឆាំង​នៅ​តែ​លើកយក​បញ្ហា​ព្រៃឈើ​មក​វាយប្រហារ​រដ្ឋាភិបាល​បែប​នេះ តាំងពី​២០​ឆ្នាំ​មុន​មក​ម្ល៉េះ ព្រៃឈើ​នៅ​កម្ពុជា​រលាយ​អស់ហើយ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ឃោសនា​បែប​នេះ​ដដែល ។

លោក​បង្ហាញ​អារម្មណ៍​ហួសចិត្ត​ថា បើ​អស់​ព្រៃឈើ​ហើយ តើ​បាន​ព្រៃឈើ​ឯណា​មករ​លាយ​អស់​ទៀត ?

លោក​ឆ្ងល់​ថា ពួក​គេ​និយាយ​តែ​រឿង​កាប់ តែ​ការ​ដាំ​ដើមឈើ ពួក​គេ​មិន​ដែល​និយាយ​ឡើយ ។ ជាក់ស្តែង ចំការ​កៅស៊ូ ដែល​កើនឡើង​ពី​៥​ម៉ឺន រហូត​ត​ដល់​៤០​ម៉ឺន​ហិ​កតា តើ​ចំការ​កៅស៊ូ​ទាំងនោះ​ជា​ព្រៃឈើ​ឬទេ ?