ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ នៅផ្ទះ​សំអាងការ​មួយ​យីហោ «​អប្សរា​ភ្នំពេញ​» នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ មេ​សា ២០១៩ ដែល​មា​នទី​តាំងនៅ​បណ្ដោយ​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​នោះ​ដែរ គេ​ឃើញ​រថយន្ត​បាញ់​ទឹកជា​ច្រើន​គ្រឿង ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់ មិនតែប៉ុណ្ណោះ ក៏​មាន​មន្ត្រី​ផ្នែក​កង​អន្តរាគមន៍​បាញ់​ទឹក​ខ្លះ ត្រូវ​ឈ្លក់ផ្សែង និង​ត្រូវ​របួស​តិចតួច​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​កងកម្លាំង​ទាំង​អស់នោះ បាន​ដុតដៃដុតជើង​នាំ​គ្នា​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​ដល់​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១៦​និង​៤០​នាទី​ថ្ងៃ​ដដែល ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​មាន​ប្រសាសន៍​ថា ដំបូង គឺ​ទទួល​បាន​ព័ត៌មាន​ពី​អ្នក​ជិតខាង​ថា មាន​ជន​រង​គ្រោះ​ប្រមាណ​៤​នាក់ នៅ​ជាប់​ខាងក្នុង​មិន​ទាន់​ចេញ​រួច​នោះ ទើប​កម្លាំង​រួម​សហការ​គ្នា មិន​គិត​ពី​ផល​គ្រោះថ្នាក់​ខ្លួនឯង​នោះ​ទេ ពោល​គឺ​ធ្វើ​យ៉ាង​ត្រូវ​តែ​រក​វិធី​រំដោះ​អ្នក​ដែល​នៅ​ខាងក្នុង​នៃ​ហេតុការណ៍​នោះ​ឲ្យ​ទាន់​ពេល​ផង​ដែរ ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ដោយ​ជោគជ័យ ប៉ុន្តែ មាន​នារី​វ័យក្មេង​ម្នាក់​របួស ដោយ​ជប់​ដង្ហើម​នឹង​ផ្សែង ហើយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ផង​ដែរ ។

ចំពោះ​មូលហេតុ នៃ​ការ​ឆេះ​នោះ ជំហាន​ដំបូង​ត្រូវ​បាន​រក​ឃើញ​ថា អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​បន្ទប់​ជាន់​ទី​មួយ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ។

សូម​បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​ប៉ូលិស​បង្ការ​និង​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​រថយន្ត​ជាង​២០​គ្រឿង និង​ម៉ូតូ​ទឹក​របស់​រដ្ឋបាល​ខណ្ឌដូនពេញ ចំនួន​៤​គ្រឿង ផង​ដែរ ​៕