រាជធានី​ភ្នំពេញ ៖ ប្រកាស​តែងតាំង​មុខ​តំណែង និង​ផ្ទេរ​ភារកិច្ច អភិបាល​ខណ្ឌ អភិបាលរង​ខណ្ឌ និង​នាយក​រដ្ឋបាល​សាលា​ខណ្ឌ​នានា នៃ​រាជធានី​ភ្នំពេញ សរុប​៤៤​រូប ឲ្យ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ហើយ ក្នុង​នោះ​មាន ៖ អភិបាល​ខណ្ឌ​ចំនួន​០៣​រូប អភិបាលរង​ខណ្ឌ​ចំនួន​៣៨​រូប និង​នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ចំនួន​០៣​រូប ។

ពិធី​ប្រកាស​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

អភិបាល​ខណ្ឌ​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​នៅ​រសៀល​ថ្ងៃនេះ រួម​មាន ៖ លោក ថេ​ង សុ​ថុ​ល អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌចំការមន ជំនួស​លោក ព្រុំ សំខាន់ ដែល​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ ។ លោក ធឹ​ម សំ​អាន អភិបាលរង​ខណ្ឌ​ខណ្ឌចំការមន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​បឹង​កេងកង ។ និង​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​កំ​បូល ដែល​ខណ្ឌ​ទាំង​ពីរ​នេះ ទើបនឹង​បំបែក​កាលពី​ពេល​កន្លង​ទៅ ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អភិបាល​ខណ្ឌ​ទាំងអស់ ពិសេស​ខណ្ឌ​ទើប​ប្រកាស​ថ្មី ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​ក្នុង​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កំពុង​ផ្ដោត​ទៅ​លើ​ការ​អនុវត្ត​នូវ​អភិក្រម​ទាំង​៥ មាន​ដូច​ជា ងូតទឹក ដូ​ស​ក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ហើយ​យើង​ម្នាក់​ៗ​សុទ្ធតែ​បានដឹង និង​បានលឺ​ហើយ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​អនុវត្ត​លើ​កំណែទម្រង់​ស៊ីជម្រៅ ជា​ពិសេស​លើ​ការ​អនុវត្ត​នូវ​អភិក្រម​ទី​៥​នេះ​ទេ​។ ដូច្នេះ​ទេ​មន្ត្រី​ដែល​មាន​សមត្ថភាព និង​ចំណេះដឹង ត្រូវ​ផ្លាស់​ប្ដូរ​នូវ​ឥរិយា​បទ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ស្នូល ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។

លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកាស​តែងតាំង​តំណែង អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៣​រូប ដែល​មាន​២​រូប​ជា​អភិបាល​ខណ្ឌ​ថ្មី គឺ​មិន​ទាន់​មាន​ត្រា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ប្រកាស​ឲ្យ​ដឹង​ខ្លួនឯង ដើម្បី​ត្រៀមលក្ខណៈ​ធ្វើ​ជា​អភិបាល​ខណ្ឌ ពោល​គឺ​ក្រោយ​ប្រកាស​ក្រុមប្រឹក្សា​ខណ្ឌ រាជធានី​ទើប ក្រសួងមហាផ្ទៃ ប្រគល់​ត្រា​ដើម្បី​គ្រប់គ្រង​រដ្ឋបាល​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​ត្រូវធ្វើ​នៅ​ពេល​នេះ គឺ​ត្រូវ​ឆ្លង​ទៅ​អភិបាល​ខណ្ឌ ដែល​បំបែកចេញ ដូច​ជា​អភិបាល​ខណ្ឌ​កំ​បូល ក្នុងអំឡុងពេល​នេះ​ត្រូវ​ឆ្លង​ជាមួយ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​បឹង​កេងកង ត្រូវ​ឆ្លង​ទៅ​អភិបាល​ខណ្ឌចំការមន​ជាដើម ។

សូមបញ្ជាក់ថា ខណ្ឌ​ទាំង​១៤ របស់​រាជធានី​ភ្នំពេញ រួម​មាន​ដូច​ខាងក្រោម ៖

១. ខណ្ឌ ចំការមន
២. ខណ្ឌ ដូនពេញ
៣. ខណ្ឌ ៧​មក​រា
៤. ខណ្ឌ ទួល​គោក
៥. ខណ្ឌ ដង្កោ
៦. ខណ្ឌ មាន​ជ័យ
៧. ខណ្ឌ ឫស្សី​កែវ
៨. ខណ្ឌ សែន​សុខ
៩. ខណ្ឌ ពោធិ៍​សែន​ជ័យ
១០. ខណ្ឌ ច្បារ​អំពៅ
១១. ខណ្ឌ ជ្រោយចង្វារ
១២. ខណ្ឌ ព្រែក​ព្នៅ
១៣. ខណ្ឌ បឹង​កេងកង (​ទើប​បង្កើត​ថ្មី​)
១៤. ខណ្ឌ កំ​បូល (​ទើប​បង្កើត​ថ្មី​) ៕