រាជធានី​ភ្នំពេញ ៖ ករណី​អគ្គី​ភ័យ​មួយ បាន​ឆាបឆេះ​ហាង​ដូ​មី​ណូ​ភី​ហ្សា ព្រមទាំង​បង្គោល​ភ្លើង និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ា​ផេ​ស៊ី​ហ្វិ​ក ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី បាន​បណ្តាល​អោយ​ស្ត្រី​ជា​ម្តាយ និង​កូន​ម្នាក់ ដែល​ជាប់​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​ម៉ោង​១​និង​៥៧​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ នៅ​ហាង Domino’s Pizza និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ា ផេ​ស៊ី​ហ្វិ​ក ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៥១៦ កែង​ផ្លូវ​៣១៥ ទល់មុខ​ផ្សារ TK ទួល​គោក ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

គិត​មក​ត្រឹម​វេលា​ម៉ោង​នៅ​វេលា​ម៉ោង​០៣​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​ហើយ ។

គ្រោះ​អគ្គី​ភ័យ​នេះ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អគារ​ហាង​ដូ​មី​ណូ​ភី​ហ្សា​អស់​មួយ​ចំហៀង និង​អគារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​ស៊ា ផេ​ស៊ី​ហ្វិ​ក ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី បាន​រង​ការ​ខូចខាត​អស់​មួយ​ចំហៀង​ផ្នែក​ខាងកើត និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ រង​របួសធ្ងន់​(​មិន​ស្គាល់​អត្ត​សញ្ញា​) ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

បើ​តាម​សន្តិសុខ​ដែល​យាម​នៅ​មុខ​ហាង​ភី​ហ្សា ដូ​មី​ណូ បាន​អះអាង​ថា មានការ​ឆ្លង​ចរន្តអគ្គិសនី ចេញពី​ក្រោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​នៅ​ក្បែរ​គ្នា ហើយ​ក៏​បាន​បង្ក​ជា​អគ្គី​ភ័យ​ឆេះ​នៅ​ហាង Domino’s Pizza ហើយ​អគ្គិភ័យ​នេះ បាន​ឆាបឆេះ​រាលដាល​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​វិញ និង​ឆេះ​រាលដាល​បន្ត​ទៅ​បង្គោល​ភ្លើង​នៅ​មុខ​ហាង​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្តង ។

ទោះជា​យ៉ាងណា លោក​ឧត្តមសេនីយ៍ទោ ហួត ចាន់​សា​រ៉ា​ន់ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ សម្រាប់​មូលហេតុ​ទាក់ទិន​នឹង​អគ្គិភ័យ​កើតឡើង​ខាងលើ​នេះ ព្រោះ​សមត្ថកិច្ច​កំពុង​បន្ដ​ស្រាវជ្រាវ នៅឡើយ ៕