ព្រៃវែងៈ នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងឱកាសនោះលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឡើងរាយការណ៍អំពី ស្ថានភាពទូទៅ នៅក្នុងស្រុកពារាំង ពុំមានអ្វីប្រែប្រួលគួរអោយកត់សម្គាល់នោះទេ។ ចំពោះកងកម្លាំងសមត្ថកិច្ចនគរបាលបានសហការល្អជាមួយកម្លាំងជំនាញដទៃទៀតនិងដោយមានការចូលរួមពីប្រជាពលរដ្ឋយើងបានពង្រឹងនិងលើកកម្ពស់ឥតឈប់ឈរនូវការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយម្ចាស់ការបានក្នុង ការគ្រប់គ្រងសភាពការណ៍ប្រកបដោយប្រសិទ្ធភាព បទល្មើសចោរកម្មការជួញដូរនិងការប្រើប្រាស់គ្រឿងញៀននិងអំពើ ល្មើសច្បាប់ផ្សេងៗទៀតត្រូវបានទប់ស្កាត់និងស្រាវជ្រាវវែកមុខជនប្រព្រឹត្តល្មើសបញ្ជូនទៅទទួលទោសតាមច្បាប់ជាបន្តបន្ទាប់។

លោកអភិបាលស្រុកក៏បានបន្តទៀតថានៅក្នុងស្រុកពារាំងមានវត្តចំនួន ៥៩ វត្ត ព្រះសង្ឃ៤១២ អង្គ ភិក្ខុ១៣៩ អង្គ និងសាមណេរ២៧៣ អង្គ។ លោកបន្តថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមិទ្ធផលទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រត្រូវបានកសាងជាបន្តបន្ទាប់។ ចំពោះព្រះវិហាថ្មីស្រឡាងនេះ មានបណ្តោយ ១៨,១៩ ម៉ែត្រ ទទឹង ៩,១៨ ម៉ែត្រ កំពស់ ២១ ម៉ែត្រ ដែលចំណាយទឹកប្រាក់អស់ ២៤៤,៤៣៩ ដុល្លា និងនៅជំពាក់ជាង ៣,៧០០ ដុល្លា ទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរស្រុកភូមិ ឃុំត្រូវពង្រឹង និងទប់ស្កាត់ឲ្យបានជាដាច់ខាតចំពោះការជួញដូរការចែកចាយនិងការប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋានរបស់ខ្លួនពីព្រោះអ្នកដែលបានប្រើប្រាស់សេពគ្រឿងញៀនធ្វើឱ្យខូចខួរក្បាលខូចអនាគតបំផ្លិចបំផ្លាញគ្រួសារអ្នកដទៃប៉ះពាល់ដល់សន្តិសុខសង្គម។

សម្ដេចបានអំពាវនាវដល់ព្រះសង្ឃគ្រប់អង្គចូលរួមផ្សព្វផ្សាយតាមរយៈការទេសនាអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀនដល់ស្រទាប់យុវជនដែលជាជនងាយរងគ្រោះដោយគ្រឿងញៀន និងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែកំពង់ឆក់យកអាយុជីវិតគ្រប់ពេលវេលានេះ។ និងត្រូវសហៈការទាំងឪពុកម្តាយនិងលោកគ្រូ អ្នកគ្រូ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

សម្ដេចក៏បាន ចេញថ្លៃជំពាក់ជាង ហើយសម្តេចក៏បានអញ្ជើញដាំដើមឈើ កាត់ខ្សែបូរ និងកាត់ឬសីមាជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ៕